អចលន​ទ្រព្យ

ផ្សារទំនើប PH Diamond Place បោះទុនវិនិយោគជាង៦០លានដុល្លារ តាមបណ្តោយផ្លូវ៦០ម៉ែត្រ

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន បុរី ប៉េង ហួត គ្រុប បានធ្វើពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់ជាផ្លូវការ ផ្សារទំនើប PH Diamond Place ក្រោមអធិបតីភាព ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្មនិងសំណង់។

ផ្សារទំនើបថ្មីនេះ គ្រោងចំណាយដើមទុនវិនិយោគប្រមាណជាង ៦០លានដុល្លារអាមេរិក ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវសម្តេចតេជោ ៦០ម៉ែត្រ ភាគខាងត្បូងរាជធានីភ្នំពេញ។

PH Diamond Place ត្រូវបានសាងសង់ឡើងលើ ផ្ទៃដីជិត ៦ហិកតា ដែលអាចចតរថយន្តបាន ២៦០០គ្រឿង និងម៉ូតូជិត ១ពាន់គ្រឿង ហើយគ្រោងបញ្ចប់គម្រោងទាំងស្រុងនៅឆ្នាំ ២០២០។

គម្រោងផ្សារទំនើប PH Diamond ស្ថិតនៅក្នុង គម្រោងដឹស្តាដាយមិន ជាគម្រោងមួយដែលធ្វើឲ្យតំបន់នេះ ប្រែក្លាយជាទីប្រជុំជនដ៏កុះករ ងាយស្រួលដល់ការរស់នៅ និងការប្រកបអាជីវកម្មផ្សេងៗ។

ស្ថាបត្យកម្ម​នៃផ្សារ​ទំនើប ​នឹង​ប្រមូលផ្តុំ​ទៅ​ដោយ​ហាង​ទំនិញ​ជាច្រើន​ប្រភេទ រោងកុន សាល​តាំងពិព័រណ៍ អាហារដ្ឋាន និង​មជ្ឈមណ្ឌល​កម្សាន្ត​នេះ ​នឹង​សាងសង់​ឡើង​តាម​លក្ខណ:​បច្ចេកទេស​ទំនើប​អម​ដោយ​សួន​ធម្មជាតិ​ស្រស់បំព្រង​ទាំង​ក្នុង និង​ខាង​ក្រៅ​ ដែល​មិន​ធ្លាប់​មាន​ផ្សារ​ទំនើប​ណា​មួយ​រៀបចំ​បែប​នេះ​ឡើយ​នៅ​ប្រទេសកម្ពុជា​យើង។

ភាពឥតខ្ចោះនៃផ្សារទំនើប PH Diamond Place ​គឺនៅ​ជាន់​ខាង​លើ​បង្អស់ ​នឹង​មាន​ភោជនីយដ្ឋាន​បើក​ចំហ​សម្រាប់​អង្គុយ​លម្ហែកាយ ស្រូបខ្យល់​បរិសុទ្ធ គយគន់​សួន​ធម្មជាតិ​ពណ៌​បៃតងខ្ចី និង​ទឹកជ្រោះ​សិប្បនិម្មិត​ ដែល​ធានា​បន្ធូរ​ភាព​តានតឹង និង​ផ្តល់​អារម្មណ៍​ស្រស់ស្រាយ​ដល់​អតិថិជន។

ជាក់ស្តែងដោយផ្តោតសំខាន់ទៅលើភាពងាយស្រួលនៃការរស់នៅ បុរី ប៉េង ហួត គ្រុបក៏បានរៀបចំ ហេដ្ឋារចនាសម្ព័ន្ធ ក្នុងគម្រោងទាំងមូល សុទ្ធតែបានតភ្ជាប់ពីមហាវិថីសម្តេច​ តេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ និងលេខ៣ ឆ្លងកាត់ ព្រមទាំងជាបណ្តុំនៃទីប្រជុំជន ដែលមានវិនិយោគិនធំៗជាច្រើន ដូចជាក្រុមហ៊ុន Star Auto Cambodia (Marcedes-Benz)ជាដើម ហើយក៏មានសាលាអន្តរជាតិនៅក្បែរនោះផងដែរ។

គួរជម្រាបថា គម្រោងបុរី ប៉េង ហួត ដឹស្តាដាយមិន គ្របដណ្តប់លើវិសាលភាពផ្ទៃដីប្រមាណជាង ៤០ហិចតា ជាគម្រោងប្រកបដោយ ប្រណិតភាព នឹង ភាពស៊ីវីល័យនៃការរស់នៅ​ ព្រមទាំងមានទីតាំងនៅតាមបណ្តោយផ្លូវ មហាវិថីសម្តេចតេជោ ហ៊ុន សែន (៦០ ម៉ែត្រ) ដ៏មានសក្តានុពលក្នុងតំបន់ពាណិជ្ជកម្ម៕

មតិយោបល់