អចលន​ទ្រព្យ

The Penthouse Resident តម្លៃ ៣០លានដុល្លារ ទល់មុខ AEON ជិតបញ្ចប់ការសាងសង់

អគារខុនដូដ៏ប្រណិតកម្ពស់ ៣៦ជាន់ ដែលបានបោះទុនវិនិយោគ ប្រមាណ ៣០លានដុល្លារអាមេរិក ស្ថិតនៅទល់ផ្សារទំនើបអ៊ីអនទី ១ គ្រោងនឹងបញ្ចប់ការសាងសង់ជាផ្លូវការ នៅចុងឆ្នាំ ២០១៨នេះហើយ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិ។

លោកឧកញ៉ា លី ហុង ម្ចាស់គម្រោង The Penthouse Resident បានមានប្រសាសន៍ថា គម្រោងខុនដូស្នាក់នៅ លំដាប់ផ្កាយប្រាំនេះបានចាប់ផ្តើមសាងសង់កាលពីដើមឆ្នាំ ២០១៦ ហើយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ ២០១៨ខាងមុខនេះ នៅលើទំហំផ្ទៃដី ២.០០០ ម៉ែត្រការ៉េ នៅលើបណ្ដោយផ្លូវសុធារស ទល់មុខនឹងអ៊ីអនម៉លទី ១ ហើយខុនដូនេះ ត្រូវបានចែកចេញជាប្រាំប្រភេទ និងមានបន្ទប់ រហូតដល់៤៥៨យូនីត ដោយមានតម្លៃចាប់ពី ១០ម៉ឺនដុល្លារ រហូតដល់ ១លានដុល្លារ ។

លោកឧកញ៉ាបានបន្តថារហូតមកពេលនេះគម្រោង The Penthouse ទទួលបានការបញ្ជាទិញពីអតិថិជន ប្រមាណ ៧០ភាគរយហើយ ក្នុងនោះអតិថិជនជាជនជាតិខ្មែរប្រមាណ ៥០ភាគរយ និងបរទេស៥០ភាគរយ។

លោក តាំង គីមថេង អ្នកអភិវឌ្ឍន៍គម្រោង The Penthouse Residentបានលើកឡើងថា ការដែលដែលអតិថិជនទាំងខ្មែរនិងបរទេស បញ្ជាទិញខុនដូនេះច្រើនដោយសារតែខុនដូដ៏ប្រណិតនេះ មានទីតាំងល្អស្ថិតនៅចំកណ្ដាលរាជធានីភ្នំពេញពិសេសនៅទល់មុខផ្សារទំនើបអ៊ីអនម៉ល រួមទាំងមាន ការរចនាស្រស់ស្អាត មានអាងហែទឹក កន្លែងហាត់ប្រាណ សូណា ស្កាយបារ និងភោជនីយដ្ឋានវិលដំបូងគេបង្អស់នៅកម្ពុជា ព្រមទាំងតម្លៃសមរម្យ ដែលអាចឱ្យអតិថិជនទូទៅអាចទទួលយកបាន។

The Penthouse Residence កម្ពស់ ៣៦ជាន់ នឹងមានបង្កប់ភោជនីយដ្ឋានវិលនៅជាន់កំពូលនៃអគារដែលអាចវិលបាន ១ជុំក្នុងរយ:ពេល ១ម៉ោង៕

មតិយោបល់