អចលន​ទ្រព្យ

ផ្លូវលេខ ១៥៧៧ ពីស្រុករតនៈមណ្ឌល ទៅកាន់ស្រុកសំឡូត បើកសម្ពោធជាផ្លូវការ

កាលពីម្សិលមិញនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអញ្ជើញអមដំណើរសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ចូលរួមជាអធិបតីក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវលេខ ១៥៧៧។

គម្រោងផ្លូវនេះមានប្រវែងសរុប ៥១.៨គីឡូម៉ែត្រ ចាប់ពីភូមិភ្ជាវ ឃុំត្រែង ស្រុករតន:មណ្ឌល ដល់ភូមិឆករកា ឃុំសំឡូត (ច្រកទ្វារព្រំដែន៤០០) ស្រុកសំឡូត ខេត្តបាត់ដំបង ត្រូវបានស្ថាបនាតាមស្តង់ដារចិន Class III ដែលមានទទឹងផ្លូវ ៩ម៉ែត្រ ក្រាលកៅស៊ូពីរស្រទាប់ (DBST) លើទទឹងផ្លូវ ៨ម៉ែត្រ។

គម្រោងផ្លូវនេះបានចំណាយថវិកាសរុបប្រមាណ ៣៨លានដុល្លារអាមេរិក ជាហិរញ្ញប្បទានសម្បទានពី សាធារណរដ្ឋប្រជាមានិតចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ដោះស្រាយផលប៉ះពាល់ ការបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ សាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន-ថ្នល់ចិន និងពិនិត្យបច្ចេកទេសសាងសង់ដោយ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសសំណង់ក្វាងចូវវ៉ានអាន ប្រើរយ:ពេលសាងសង់ចំនួន ២៣ខែ ដែលបានបញ្ចប់ការសាងសង់នៅចុងឆ្នាំ ២០១៧កន្លងទៅនេះ។

ផ្លូវនេះជាផ្លូវយុទ្ធសាស្រ្តមួយយ៉ាងសំខាន់សម្រាប់បម្រើដល់កិច្ចការពារជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ច ដែលតភ្ជាប់តំបន់ភូមិភាគកណ្តាល និងវាលទំនាបផ្នែកខាងលើ ទៅកាន់ភូមិភាគខាងលិចប្រទេស ចាប់ផ្តើមពីភូមិភ្ជាវ ឃុំត្រែង ស្រុករតន:មណ្ឌល ទៅភូមិឆករកា ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង (ច្រកទ្វារព្រំដែន៤០០) ព្រំប្រទល់កម្ពុជា-ថៃ ជាប់នឹងខេត្តត្រាតប្រទេសថៃ។

សមិទ្ធផលផ្លូវនេះជាចំណងដៃដ៏ពិសិដ្ឋ ឆ្លើយតបទៅនឹងសំណូមពរ និងតម្រូវការនៃការដឹកជញ្ជូន ការធ្វើដំណើរ របស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់ត្រែង សំឡូត និងតំបន់ភូមិភាគខាងលិចប្រទេសទៅកាន់ក្រុងបាត់ ដំបង រាជធានីភ្នំពេញ ឬតំបន់ផ្សេងៗទូទាំងប្រទេស និងជាខ្សែផ្លូវដែលធ្វើសមាហរណកម្មពេញលេញសម្រាប់ខេត្តបាត់ដំបងទាំងមូល ព្រោះថាស្រុកសំឡូតជាស្រុកតែមួយគត់ និងចុងក្រោយបំផុត ដែលទើបមានផ្លូវកៅស៊ូ តភ្ជាប់មកក្រុងបាត់ដំបង៕

មតិយោបល់