អចលន​ទ្រព្យ

សមិទ្ធផលធំៗ ៤ ជាចំណងដៃជូន ប្រជាពលរដ្ឋខ្មែរ សម្រាប់ពិធីបុណ្យចូលឆ្នាំខ្មែរ ២០១៨

ក្នុងខែមេសាឆ្នាំ២០១៨នេះ រាជរដ្ឋាភិបាលកម្ពុជាបាន សម្រេចនូវសមិទ្ធផលធំៗ ចំនួន៤ ដើម្បីជាចំណងដៃជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ សម្រាប់ជួយសម្រួល និងបង្កលក្ខណ:ងាយស្រួលក្នុងការធ្វើដំណើរទៅកាន់ ស្រុកកំណើត។

ក្នុងពិធីបើកដាក់ឱ្យដំណើរឆ្លងកាត់ស្ពានអាកាសផ្សារដីហុយជាបណ្តោះអាសន្ន កាលពីម្សិលមិញនេះ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្ដី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនបានមានប្រសាសន៍ថា សមិទ្ធផលធំទាំង៤ ដែលបម្រើឱ្យប្រជាពលរដ្ឋក្នុងឱកាសបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ២០១៨នេះ រួមមាន៖

ទី១. កាលពីថ្ងៃទី០៤ ខែមេសាកន្លងទៅ គឺការចាប់ផ្តើមដាក់ឱ្យ ដំណើរការឡើងវិញនូវ ផ្លូវរថភ្លើងសម្រាប់ដឹកអ្នកដំណើរ ពីប៉ោយប៉ែត ទៅសិរីសោភ័ណ ដោយជិះមិនគិតថ្លៃក្នុងរយ:ពេល៤ខែ ចាប់ពីថ្ងៃទី ០៤មេសា ដល់ទី០១ ខែសីហា ឆ្នាំ២០១៨។ ផ្លូវរថភ្លើងពីក្រុងប៉ោយប៉ែតទៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យនេះ មានប្រវែងសរុប ៤៨គីឡូម៉ែត្រ ដែលត្រូវឆ្លងកាត់៦ស្ថានីយ ប៉ោយប៉ែត- កូប-សូភី-សាលា ក្រហម-ទឹកថ្លា-និងសិរីសោភ័ណ។

សមិទ្ធផលទី២ គឺកាលពីថ្ងៃទី០៦ ខែមេសា ការដាក់ឱ្យប្រើប្រាស់ជាបណ្តោះ អាសន្នគម្រោង កាណូតដឹកអ្នកដំណើរពីព្រែកព្នៅ-ភ្នំពេញ-តាខ្មៅ ដោយជិះឥតគិតថ្លៃ ចាប់ពីថ្ងៃទី០៦ ខែមេសា រហូតដល់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨។

ឯកឧត្តមរដ្ឋមន្រ្ដីបានលើកឡើងថា គម្រោងទាំងនេះបានចូលរួមចំណែក ដល់ការផ្តល់មធ្យោបាយធ្វើ ដំណើរថ្មីមួយទៀតជូនប្រជាពលរដ្ឋ ចំណេញពេលវេលា និងកាត់បន្ថយការចំណាយ ព្រមទាំងចូលរួម កាត់បន្ថយការកកស្ទះចរាចរណ៍ នៅតាមដងផ្លូវផងដែរ។

ចំពោះ សមិទ្ធផលទី៣ ការដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្នមធ្យោបាយដឹកជញ្ជូន អ្នកដំណើរ តាមរថភ្លើងពី ស្ថានីយភ្នំពេញ ទៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញដោយឥតគិតថ្លៃ ចាប់ពី ថ្ងៃទី១០ ខែមេសា រហូតដល់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨។ ទន្ទឹមនេះ មធ្យោបាយដឹកជញ្ជូន អ្នកដំណើរ តាមរថភ្លើងនេះ ចំណាយពេលវេលាប្រមាណតែ ៣០នាទីប៉ុណ្ណោះ អាចផ្ទុកអ្នក ដំណើររួមទាំងអ្នកអង្គុយ និងអ្នកឈរប្រមាណ១០០នាក់។

ឯកឧត្តមបានបន្ដទៀតថា ចំណងដៃទី៤ចុងក្រោយនេះ គឺការដាក់ឱ្យដំណើរការ ប្រើប្រាស់ស្ពាន អាកាសផ្សារដីហុយជាបណ្តោះអាសន្នចាប់ពីថ្ងៃទី១២ ខែមេសានេះទៅ ដើម្បីជួយសម្រួលការធ្វើចរាចរណ៍ របស់ប្រជាពលរដ្ឋចេញទៅសុ្រកកំណើត ដើម្បីកុំឱ្យប្រឈម នឹងការកកស្ទះចរាចរណ៍។

ឯកឧត្តមរដ្ឋមន្រ្ដីបានបន្ថែមថា «សមិទ្ធផលទាំង៤នេះពិតជាមានសារ:សំខាន់ណាស់ សម្រាប់ប្រជាពលរដ្ឋ ដែលឆ្លើយតបទៅនឹងតម្រូវការជាបន្ទាន់របស់ប្រជាពលរដ្ឋក្នុងការធ្វើ ដំណើរប្រកបដោយភាពងាយស្រួល មានសុវត្ថិភាព នាឱកាសបុណ្យចូលឆ្នាំថ្មីប្រ ពៃណីជាតិខ្មែរ ហើយអ្វីៗដែលអភិវឌ្ឍន៍បានមក ដល់ពេលនេះ ដោយសារតែប្រទេសជាតិ មានសុខ សន្តិភាព»៕

មតិយោបល់