អចលន​ទ្រព្យ

ត្រឹមតែ ១០ថ្ងៃ រថភ្លើងពីស្ថានីយភ្នំពេញ ទៅព្រលានយន្ដហោះ ទទួលអ្នកដំណើរជាង ១ម៉ឺននាក់

បន្ទាប់ពីបានបើកដាក់ឱ្យដំណើរការជាបណ្ដោះអាសន្ន ការដឹកជញ្ជូនអ្នកដំណើរតាមរថភ្លើងពីស្ថានីយភ្នំពេញ ទៅព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ ដែលមានរយ:ពេល ១០ថ្ងៃមកនេះ ចាប់តាំងពីថ្ងៃទី ១០ ខែមេសា រហូតដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨ មានអ្នកដំណើរសរុបចំនួន ១៣,៦៨១នាក់។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិ។

​ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ រយ:ពេលបីថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨ មានអ្នកដំណើរប្រមាណ ៧,២១៥នាក់ បានជិះរថភ្លើងពីស្ថានីយភ្នំពេញទៅ ព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ។

​ក្រសួងសាធារណការ និងដឹកជញ្ជូនបានបើកដាក់ឱ្យដំណើរការជាបណ្ដោះអាសន្ន ផ្លូវរថភ្លើងពីស្ថានីយភ្នំពេញទៅព្រលានយន្ដហោះអន្ដរជាតិភ្នំពេញនេះ គឺដើម្បីផ្តល់ជម្រើសក្នុងការធ្វើដំណើរជូនប្រជាពលរដ្ឋ កាត់បន្ថយការចំណាយ ចំណេញពេលវេលា សុវត្ថិភាព គ្មានការរំខាន ព្រមទាំងរួមចំណែកកាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ក្នុងរាជធានីភ្នំពេញ។

​សូមបញ្ជាក់ថា ដើម្បីលើកទឹកចិត្ដដល់ការប្រើប្រាស់សេវាសាធារណ:តាមរថភ្លើង ពីស្ថានីយរាជធានីភ្នំពេញ ទៅកាន់អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ឱ្យបានកាន់តែច្រើននោះ រាជរដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឱ្យប្រជាពលរដ្ឋប្រើប្រាស់សេវានេះដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី១០ ខែមេសា ដល់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨។

ក្រៅពីនេះក្រសួង ក៏នឹងសិក្សាលទ្ធភាពស្នើការសហការពី លេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដើម្បីអនុញ្ញាតឲ្យ មានការកត់ត្រាចូល (Check in) ឥវ៉ាន់របស់អ្នកដំណើរតាមយន្តហោះ ពីស្ថានីយ៍រថភ្លើងភ្នំពេញ ដើម្បី ដឹកជញ្ជូនឥវ៉ាន់តាមរថភ្លើង ដាក់ចូលក្នុងយន្តហោះតែម្តង៕

មតិយោបល់