Post News Media អចលន​ទ្រព្យ សណ្ឋាគារ The ...

សណ្ឋាគារ The Royal Sands Koh Rong បើកសម្ពោធជាផ្លូវការ

នៅថ្ងៃនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់សណ្ឋាគារលំដាប់ផ្កាយ ៥ «The Royal Sands Koh Rong » ដែលមានទីតាំងស្ថិតនៅភូមិសុខសាន្ដ សង្កាត់កោះរ៉ុង ខេត្តព្រះសីហនុ។

សណ្ឋាគារដ៏ទំនើបនេះ គឺបានចំណាយទឹកប្រាក់សាងសង់អស់ប្រមាណជា ៤០លានដុល្លារក្នុងដំណាក់កាលទី ១ ដែលមាន​លក្ខណ:ជាវីឡាចំនួន ៦៧ខ្នង (១៤៨បន្ទប់) ដែលបានបង្ហាញពីសក្ដានុពលទេសចរណ៍របស់ប្រទេសកម្ពុជា និងការរីកចម្រើន​នៃសេវាកម្មទេសចរណ៍លំដាប់អន្តរជាតិនៅលើទឹកដីប៉ែកនិរតី នៃតំបន់សមុទ្រនេះ។

សម្តេចតេជោ ហ៊ុន សែន មានសេចក្តីរីករាយ ដែលបានអញ្ជើញមកកាន់កោះរ៉ុងជាលើកទី១នេះ និងមោទនភាពចំពោះការវិនិយោគសណ្ឋាគារលំដាប់ផ្កាយ ៥ ដើម្បីបំពេញសេចក្តីត្រូវការ និងទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានផ្តល់នូវអនុសាសន៍ដល់ក្រសួងជំនាញពាក់ព័ន្ឋទាំងអស់ គឺមិនឲ្យក្រុមហ៊ុនវិនិយោគសាងសង់ខ្ពស់ជាង ៣ជាន់ឡើយនៅតាមឆ្នេរកោះបែបនេះ ហើយសង្ឃឹមថា នឹងមានកោះជាច្រើនទៀត ដែលមានការវិនិយោគកើតឡើងជាបន្តបន្ទាប់ដូចកោះរ៉ុងនេះ។

សម្តេចតេជោ បញ្ជាក់ជាចុងក្រោយថា កោះរ៉ុង និងកោះដទៃទៀតនៅក្នុងប្រទេសកម្ពុជា គឺជាកោះរបស់រដ្ឋ មិនមែនជារបស់ឯកជន​នោះទេ​ ប៉ុន្តែរាជរដ្ឋាភិបាលបានប្រគល់សិទ្ឋិជូនក្រុមហ៊ុន​ Royal Group ដើម្បីអភិវឌ្ឍន៍ក្នុងរយ:ពេលសមស្របមួយ ដែលបានកំណត់​ដោយអាជ្ញាប័ណ្ណវិនិយោគ៕

Loading...