អចលន​ទ្រព្យ

ស្ពានអាកាសចោមចៅ និងក្បាលថ្នល់ នឹងលេចរូបរាងឆាប់ៗនេះ

ដើម្បីកាត់បន្ថយ នៃការកកស្ទះចរាចរ នៅចំណុចរង្វង់មូលចោមចៅ និងនៅចំណុចក្បាល​ថ្នល់នោះ​ ឯកឧត្ដម​ ឃួង​ ស្រេង​  អភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យមន្ត្រីពាក់ព័ន្ធធ្វើការដោះស្រាយផលប៉ះពាល់ នៃចំណុចទាំង ២នេះឱ្យបានលឿន ដើម្បីបើកការដ្ឋាន​សាង​សង់​ស្ពានអាកាសនៅពេល​ដ៏ខ្លីខាងមុខ។​

លោកម៉េត មាសភក្តី  អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានឱ្យដឹងថា ដើម្បីជំរុញការស្ថាបនាស្ពានអាកាសទាំង ២កន្លែងនេះឱ្យបានលឿននោះ ឯកឧត្ដម​ ឃួង ស្រេង​ បានធ្វើការកោះប្រជុំជាការប្រញាប់មួយ ជាមួយមន្ដ្រីជំនាញពាក់ព័ន្ធ ស្ដីពីការដោះស្រាយផលប៉ះពាល់​លើគម្រោងសាង​សង់​ស្ពាន​អាកាស​ចោមចៅ និងស្ពានអាកាសក្បាលថ្នល់។

បើតាមគម្រោងការដ្ឋានសង់ស្ពានអាកាស និងផ្លូវក្រោមដី នៅរង្វង់មូលចោមចៅ គ្រោងនឹងត្រូវប្រើរយ:ពេល ២០ខែ ដើម្បីស្ថាបនាឱ្យរួចរាល់ ដោយសារបច្ចុប្បន្ននេះស្ថានភាពចរាចរណ៍នៅចំណុចរង្វង់មូលចោមចៅក្នុងខណ្ឌពោធិសែនជ័យ មានការកកស្ទះចរាចរស្ទើររាល់ថ្ងៃ នៅតាមផ្លូវ​ជាតិ​លេខ៤​ ផ្លូវជាតិលេខ៣ និងមហាវិថីសហព័ន្ធរុស្ស៊ី។

សូមបញ្ជាក់ថា ចំពោះថវិកាសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីនេះ ជាថវិការបស់សាលារាជធានីភ្នំពេញដោយប្រើប្រាស់ការស្ថាបនា ខណ:ដែល​កំណាត់​មហាវិថីសហពន្ធ័រុស្ស៊ីចាប់ពីផ្លូវលេខ ២០១១ ដល់រង្វង់មូលចោមចៅត្រូវបាន​ពង្រីកបន្ថែម ឱ្យធំទូលាយអាច​ឱ្យរថយន្តធ្វើចរាចរ​ចំនួយ​ ៣គន្លង​ចូលក្នុង​ក្រុង និង៤គន្លងចេញក្រៅក្រុង ដោយមានសួនច្បារនៅចំកណ្តាល និងមានដាក់ប្រព័ន្ធលូ ២ខ្សែគឺ ១ខ្សែនៅចំកណ្តាលសួន និង ១ខ្សែទៀត​ដាក់​នៅចិញ្ចើម​ផ្លូវត្រូវបានស្ថាបនារួចហើយ។

ការកែសម្រួលគម្រោងសាងសង់បន្ថែម ស្ពានអាកាស ២ខ្សែ ត្រង់រង្វង់មូលក្បាលថ្នល់ នឹងត្រូវកាត់បន្ថយការស្ថាបនា នៅត្រឹមតែ ១ខ្សែប៉ុណ្ណោះ ដោយរត់ពី ផ្លូវព្រះមុនីវង្ស ឡើងទៅផ្លូវព្រះនរោត្តម។

គួររម្លឹកដែរថា រដ្ឋបាលរាជធានីភ្នំពេញ ធ្លាប់បានគ្រោងស្ថាបនាបន្ថែម ស្ពានអាកាស និងផ្លូវក្រោមដីចំនួន ៤ខ្សែទៀត នៅតំបន់ក្បាលថ្នល់។

ចំពោះគម្រោងស្ពានអាកាស និងផ្លូវក្រោមដី ទាំង ៤ខ្សែនោះ គឺ៖

១. ស្ពានហោះស្របពីលើមហាវិថីព្រះនរោត្តមបត់ឆ្វេង ឡើងភ្ជាប់ទៅស្ពានមុនីវង្សថ្មី

២. ស្ពានតភ្ជាប់ពីស្ពានមុនីវង្សចាស់បត់កោងស្តាំឡើងទៅចាក់អង្រែ

៣. ស្ពានហោះស្របពីលើមហាវិថីព្រះមុនីវង្ស បត់ទៅមហាវិថីព្រះនរោត្តម រួចបត់ស្តាំឡើងស្ពានវិញ

៤. ផ្លូវក្រោមដី ១ខ្សែ មុជក្រោមដីពីចាក់អង្រែ ឆ្ពោះទៅមហាវិថីព្រះមុនីវង្ស។

ចំពោះស្ពានអាកាស មានបណ្តោយចាប់ពី ២២០ ដល់ ២៤០ម៉ែត្រ និងទទឹងចាប់ពី ៥ ដល់ ៧ម៉ែត្រ ហើយផ្លូវមុជក្រោមដី មានបណ្តោយ ៣០៦ម៉ែត្រ៕

 

មតិយោបល់