ព័ត៌មានកីឡា

Muangthong United ​ប្រកួត​មិត្តភាព​ អត់​មក​សងសឹក​ខ្មែរ ទៅ​ឡាវ​និង​ជប៉ុន​វិញ

ក្លឹប​ម្ចាស់​ជើង​ឯក​លីគ​កំពូល​ថៃ Muangthong United ​បាន​សម្រេច​ចិត្ត​ធ្វើ​ការ​ប្រកួត​មិត្ត​ភាព​មុន​បើក​រដូវ​កាល​របស់​ខ្លួន​ជាមួយ​ក្រុមLaos All-Stars ​និង​ក្រុម​ Sanfrecce Hiroshima ​របស់​លីគ​កំពូល​ជប៉ុន​នៅ​ដើម​ឆ្នាំ​ក្រោយ​។

កាល​ពី​លើក​មុន Muangthong ​បាន​មក​ប្រកួត​មិត្តភាព​ជាមួយ​ក្រុម Cambodia All Stars ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មុន​ការ​ប្រកួត​បើក​រដូវ​កាល​របស់​ពួកគេ ខណ:​ដែល​គ្រា​នោះ​ពួកគេ​ទទួល​បាន​លទ្ធផល​មិន​ល្អ​នោះ​ទេ។ ​ក្រោយ​ពី​ចប់​ការ​ប្រកួត​នៅ​គ្រា​នោះ ​អ្នក​គ្រប់គ្រង​របស់​ក្លឹប​នៅ​ថៃ​មួយ​នេះ ​បាន​និយាយ​ពួកគេ​អាច​នឹង​ត្រលប់​មក​លេង​ជាមួយ​ក្រុម​កម្ពុជា​ម្ដង​ទៀត​នៅ​លើក​ក្រោយ។

យ៉ាងណាមិញ ​សម្រាប់​រដូវ​កាល​នេះ Muangthong ​បែរ​ជា​មិន​មក​លេង​ជាមួយ​ Cambodia All Stars ​នោះ​ទេ ​ដោយ​ពួកគេ​បាន​យក​ក្រុមLaos All-Stars ​ជំនួស​វិញ ​ខណ:​ដែល​ក្រោយ​ពី​ចប់​ការ​ប្រកួត​ជាមួយ​ក្រុម​នេះ​ទៅ ពួកគេ​នឹង​បន្ដ​ដំណើរ​ទៅ​លេង​នៅ​ជប៉ុន​ទៀត។ ​ការ​ទៅ​ជប៉ុន​នោះ​ទៀត​សោត ​ក្រុម​ខ្លាំង​របស់​ថៃ​នេះ  នឹង​ត្រូវ​តតាំង​ជាមួយ Hiroshima ​ដែល​មាន​ចំណាត់​ថ្នាក់​លេខ​៦​នៅ​លីគ​របស់​ជប៉ុន។

Muangthong United ​បាន​ក្លាយ​ជា​ជើង​ឯក​របស់​លីគ​កំពូល​ថៃ ​ដោយ​រក​បាន​៨០​ពិន្ទុ​ពី​ការ​ប្រកួត​៣១​ប្រកួត​របស់​ពួកគេ ​បើ​ទោះ​ជា​លីគ​ត្រូវ Canceled ​ក្រោយ​ពី​ការ​ចូល​ទីវង្គត់​របស់​ស្ដេច Bhumibol Adulyadej ៕

 

 

មតិយោបល់