ព័ត៌មានកីឡា

Klopp ​ប្រាប់​អ្នក​គាំទ្រ​បំភ្លេច​រឿង​អតីតកាល ​Liverpool ​អាច​លើក​ពាន​រដូវ​កាល​នេះ

Jurgen Klopp ​អ្នក​​ចាត់ការ​ក្រុម Liverpool ​បាន​ប្រាប់​ទៅ​អ្នក​គាំទ្រ​ថា​ឱ្យ​បំភ្លេច​រឿង​អតីត​កាល​ចោល​ទៅ ​ហើយ​រដូវ​កាល​នេះ​ក្រុម​ហង្ស​ក្រហម​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ដណ្ដើម​យក​ពាន​រង្វាន់​លីគ​កំពូល​អង់គ្លេស​បាន។

ក្រុម Liverpool ​ខកខាន​លើក​ពាន​រង្វាន់​លីគ​កំពូល​អង់គ្លេស​តាំង​ពី​ឆ្នាំ​១៩៩០​មក ​ដោយ​តែងតែ​មាន​ឱកាស​ប៉ុន្តែ​ធ្វើ​មិន​បាន​សម្រេច​ឡើយ ដោយ​បាន​ត្រឹម​ជើង​ឯក​រង​ឬ​ Top4 ​ប៉ុណ្ណោះ។ យ៉ាងណាមិញ ​ក្រោម​ការ​ដឹក​នាំ​របស់ Klopp ​តាំង​ពី​ខែ​តុលា​ឆ្នាំ ២០១៥​មក ​ក្លឹប​មួយ​នេះ​ហាក់​មាន​ឆន្ទ:​ឡើង​វិញ ​ដូចជា​រដូវ​កាល​នេះ​ជា​ដើម ​កំពុង​តែ​មាន​ការ​ប្រកួតប្រជែង​ខ្លាំង​ក្នុង​តំណែង​លេខ​១​កំពល​តារាង។

អ្នក​ចាត់ការ​សញ្ជាតិ​អាល្លឺម៉ង់​រូប​នេះ ​បាន​និយាយ​ថា​៖ “យើង​តែងតែ​ស្រលាញ់​ដល់​កីឡាករ​ទាំង​អស់​ដែល​លេង​នៅ​ទី​នេះ​តាំង​ពី​អតីត​កាល​មក។ យើង​មិន​អាច​ធ្វើ​ការងារ​របស់​ពួកគេ​បាន​ទេ ​ប៉ុន្តែ​យើង​អាច​ធ្វើ​ការងារ​របស់​យើង​បាន។ យើង​មិន​មែន​នៅ​ក្នុង​២៥​ឆ្នាំ​មុន​ទេ ​យើង​នៅ​ជាមួយ​បច្ចុប្បន្ន ​ដូច្នេះ​យើង​ត្រូវ​តែ​ធ្វើ​វា។ ខ្ញុំ​ជឿជាក់​ថា​យើង​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​គ្រង​ជើង​ឯក”។

ក្រុម Liverpool ​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​២​ក្នុង​តារាង​លីគ​កំពូល​អង់គ្លេស​រដូវ​កាល​នេះ ​ដោយ​តាម​ក្រោម​ក្រុម​លេខ​១ Chelsea ​ចំនួន​៦​ពិន្ទុ ​ខណ:​ដែល​ការ​ប្រកួត​ទើប​តែ​បាន​១៧​ប្រកួត​ប៉ុណ្ណោះ៕

មតិយោបល់