ព័ត៌មានកីឡា

អ្នក​ចាត់ការ​ម្នាក់​ត្រូវ​ប៉ូលិស​ចាប់ ​ក្រោយ​រៀប​ចំ​លទ្ធផល​ទុក​ចាញ់​ក្រុម Barcelona B

លោក Filippo di Pierro ​អ្នក​ចាត់ការ​ក្រុម​ Eldense ​ត្រូវ​បាន​ប៉ូលិស​ចាប់​ខ្លួន ​ក្រោយ​ពី​រក​ឃើញ​ថា​បុរស​ម្នាក់​នេះ​រៀប​ចំ​លទ្ធផល​ទុក​មុន ​ក្នុង​ការ​ប្រកួត​ចាញ់​ក្រុម Barcelona B ​ដល់​ទៅ ១២-០។

ការ​ប្រកួត​នេះ ​ជា​ប្រកួត​ដែល​ចាញ់​ច្រើន​បំផុត​ក្នុង​លីគ​លំដាប់​ទី​៣​របស់​អេស្ប៉ាញ ​ក្នុង​រយ:​ពេល​២៥​ឆ្នាំ​កន្លង​មក​នេះ ត្បិត​អី ​Eldense ​ជា​ក្រុម​ល្អ​មួយ​តែ​បែរ​ជា​ចាញ់​ក្រុម Barcelona B ​ដល់​ទៅ ១២-០ ​ទោ​វិញ។ ដោយ​ក្រោយ​ការ​ប្រកួត​នេះ ​កីឡាករ​ក្នុង​ក្រុមEldense ​បាន​ចេញ​មក​បញ្ជាក់​ថា​លទ្ធផល​ចាញ់​ច្រើន​យ៉ាង​នេះ គឺ​មក​ពី​មាន​ការ​រៀប​ចំ​ទុក​មុន​របស់លោកFilippo ​អ្នក​ចាត់ការ​ក្រុម​ផ្ទាល់។

កីឡាករ​ម្នាក់​ឈ្មោះ​ថា​ Cheikh Saad ​បាន​​និយាយ​ដូច្នេះ​ថា៖ “យើង​មិន​ដឹង​ពី​លទ្ធផល​ចុង​ក្រោយ​នោះ​ទេ ប៉ុន្តែ​អ្វី​ដែល​ពួកគេ​បាន​ប្រាប់​យើង​នោះ​គឺ​ធ្វើ​យ៉ាង​ណា​ត្រឹម​តង់​ទី​១ ត្រូវ​ចាញ់​ ៨-០។ ខ្ញុំ​ដឹង​ថា​ពួកគេ​ជា​អ្នក​ណា ប៉ុន្តែ​ខ្ញុំ​មិន​អាច​និយាយ​បាន​នោះ​ទេ។ ចំពោះ​រឿង​នេះ ខ្ញុំ​ក៏​បាន​ឈ្លោះ​ប្រកែក​ជាមួយ​ពួកគេ​ផង​ដែរ”៕

មតិយោបល់