ព័ត៌មានកីឡា

ភាពចម្រូងចម្រាស់ជុំវិញអនាគត់របស់ James Rodriguez

បន្ទាប់ពីការប្រកួតឈ្នះក្រុម Legenes កាលពីយប់រំលងអាធ្រាត្រថ្ងៃអង្គារនេះ កីឡាករសញ្ជាតិកូឡុំប៊ី James Rodriguez កំពុងតែត្រូវបានសារពត៌មានជាច្រើននិយាយពីអនាគត់របស់គេ ជាមួយនឹងក្រុមយក្សអេស្ប៉ាញ Real Madrid ។

ថ្វីត្បិតតែ James បានបង្ហាញខ្លួនក្នុងជម្រើស ១១នាក់ដំបូងនៅក្នុងជំនួប ជាមួយនឹងក្រុម Legenes កាលពីពេលថ្មីៗ នេះមែន តែ James ហាក់មិនសូវជាសប្បាយចិត្តជាមួយនឹងក្រុមឡើយ ក្រោយពីការលេងមិនបានពេញមួយប្រកួត។ James Rodriguez ហាក់មិនសូវបានជាប់ជម្រើស ១១នាក់ដំបូងឡើយ ក្រោយការដឹកនាំរបស់គ្រូបង្វឹក Zidane ចាប់តាំងពីការចូលមកដឹកនាំក្រុម Real Madrid ដំបូងកាលពីរដូវកាល ២០១៥-២០១៦ មកម្លេះ។

ជាក់ស្តែងណាស់នៅក្នុងការប្រកួតចុងក្រោយរបស់ Real Madrid កាលពីយប់ថ្ងៃអង្គារ James នៅតែមិនអាចលេង បានពេញមួយប្រកួត ក្រោយពីការដូរចេញនៅនាទីទី ៧៣។ ក្នុងការប្រកួតនេះ James បានរកបាល់បញ្ចូលទីបាន មួយគ្រាប់ ហើយបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបានមួយគ្រាប់ ក្នុងចំណោមបួនគ្រាប់របស់ពួកគេ។ ដោយហេតុនេះហើយ James ហាក់មិនសូវសប្បាយចិត្តឡើយ ព្រោះរូបគេនៅមិនទាន់មានការទុកចិត្តពីសំណាក់អ្នកចាត់ការ Zidane ។

យ៉ាងណាវិញនោះដែរ នៅរដូវកាលក្រោយ James អាចនឹងផ្ទេរទៅកាន់ក្លឹបថ្មីនៅអង់គ្លេស រួមមាន Chelsea និង Liverpool ដែលកំពុងតែចាប់អារម្មណ៍ចង់បានរូបគេទៅចូលរួមជាមួយពួកគេ។ ក៍ប៉ុន្តែ អនាគត់របស់ James នឹងមិនប្រាកដនៅឡើយទេ ព្រោះថា តើ James Rodriguez បន្តនៅជាមួយ Real Madrid ឬផ្លាស់ប្តូរទៅកាន់ទ្រនុំផ្សេង៕

មតិយោបល់