ព័ត៌មានកីឡា

អាហ្សង់ទីន ដេញគ្រូបង្វឹកចេញ បន្ទាប់ពីដឹកនាំបានត្រឹម ៨ប្រកួត

ក្រុមបាល់ទាត់ជម្រើសជាតិ អាហ្សង់ទីន បានដេញគ្រូបង្វឹករបស់ពួកគេ គឺលោក Bauza ចេញពីតំណែង បន្ទាប់ពីដឹកនាំក្រុមអាហ្សង់ទីន មិនទទួលបានជោគជ័យនៅក្នុងការប្រកួតជម្រុះពានរង្វាន់ World Cup ២០១៨ នៅប្រទេសរុស្សី។

ក្រុមជើងខ្លាំងអាហ្សង់ទីន បានសម្រេចចិត្តក្នុងការបណ្តេញគ្រូបង្វឹក ដែលទើបនឹងដឹកនាំក្រុមជម្រើសជាតិ បានត្រឹម ៨ប្រកួតប៉ុណ្ណោះ។ ការសម្រេចចិត្តបែបនេះ គឺធ្វើឡើង បន្ទាប់ពីលោក Bauza ដឹកនាំក្រុមអាហ្សង់ទីន មិនបានល្អឡើយ ចាប់តាំងពីការឡើងមកកាន់តំណែងជាគ្រូបង្វឹកកាលពីខែសីហា កន្លងមក។ នៅក្នុង ៨ប្រកួតក្រោមការដឹកនាំរបស់លោក Bauza​ ឈ្នះ៣ប្រកួត ស្មើ២​ និងចាញ់៣ប្រកួត។ ម្យ៉ាងវិញទៀត នៅក្នុងការប្រកួតជម្រុះ World Cup ២០១៨ ដែលនឹងប្រព្រឹត្តទៅនៅប្រទេសរុស្សីនោះ អាហ្សង់ទីនកំពុងប្រឈម នឹងវិបត្តិយ៉ាងខ្លាំង។ មកទល់នឹងពេលនេះ អាហ្សង់ទីនកំពុងឈរនៅលេខរៀងទី៥ មាន២ ពិន្ទុប៉ុណ្ណោះលើក្រុមលេខរៀងទី៦ ដែលជាការព្រួយបារម្ភយ៉ាងខ្លាំង សម្រាប់ក្រុមជម្រើសជាតិអាហ្សង់ទីន។

ការបណ្តេញលោក Bauza ចេញនេះ ត្រូវបានធ្វើឡើង នៅក្រោយពេលអាហ្សង់ទីន ប្រកួតចាញ់ ប៉ូលីវៀ ២-០ និងក្រោមការសម្រេចចិត្តយ៉ាងច្បាស់លាស់ពីសហព័ន្ធបាល់ទាត់អាហ្សង់ទីន។ យ៉ាងណាវិញនោះដែរ គេមិនទាន់ដឹងថា អ្នកណាម្នាក់ត្រូវបន្តតំណែងពីលោក Bauza ឡើយ ហើយអាហ្សង់ទីន ត្រូវការប្រកួតបន្តទៀត ក្នុងយុទ្ធនាការជម្រុះ World Cup ២០១៨ ដើម្បីធានាកៅអីទៅកាន់ប្រទេសរុស្សី ខណ:ដែលអាហ្សង់ទីន អវត្តមាន Lionel Messi ចំនួន៤ប្រកួត ដោយការពិន័យពីសហព័ន្ធ៕

មតិយោបល់