ព័ត៌មានកីឡា

គ្រូបង្វឹកក្រុមយុវជនអាយុក្រោម ១៤ឆ្នាំ របស់ភ្នំពេញក្រោនទៅពង្រឹងសមត្ថភាពនៅប្រទេសចិន

កញ្ញា ឈឿន នីផា ដែលជាគ្រូបង្វឹកក្រុមយុវជនអាយុក្រោម ១៤ ឆ្នាំ របស់ភ្នំពេញក្រោន កំពុងតែស្ថិតនៅទីក្រុងសៀងហៃ នៃប្រទេសចិនក្នុងនាមជាអ្នកតំណាងប្រទេសកម្ពុជាដើម្បីចូលរួមក្នុងកម្មវិធី AFC Women’s Tutors Course ដែលត្រូវបានរៀបចំជាលើកដំបូង ។

វគ្គសិក្សានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្តល់នូវចំណេះដឹងបន្ថែម ក៏ដូចជាផ្សព្វផ្សាយនូវទេពកោសល្យរបស់ក្រុមគ្រូបង្វឹកស្ត្រីដើម្បីជំរុញឲ្យពួកគេក្លាយជាគ្រូបង្វឹកបាល់ទាត់ប្រកបដោយវិជ្ជាជីវ:ខ្ពស់ពោរពេញដោយភាពជាអ្នកដឹកនាំ និងជាគំរូក្នុងសកម្មភាពអភិវឌ្ឍវិស័យកីឡាបាល់ទាត់នៅតំបន់អាសុី ។ ក្នុងវគ្គនេះមានការចូលរួមធ្វើបទបង្ហាញ និងបណ្តុះបណ្តាលដោយលោកស្រី Vera Pauw មកពី UEFA និងលោក Wim Koevermans អនុប្រធានផ្នែកបច្ចេកទេសនៃសហព័ន្ធបាល់ទាត់ទ្វីបអាសុី ដោយពួកគេទាំងពីរនឹងលើកឡើងនូវបទពិសោធន៍ព្រមទាំងវិធីសាស្ត្រល្អៗក្នុងការគ្រប់គ្រង ឬដឹកនាំក្រុមជម្រើសជាតិផងដែរ ។

គ្រូបង្វឹកដែលកំពុងកាន់សញ្ញាបត្រ AFC B-licence នោះនឹងទទួលបានចំណេះដឹង ព្រមទាំងបច្ចេកទេសល្អៗថែមទៀតពីការចូលរួមដ៏មានសារ:ប្រយោជន៍នេះ ដើម្បីជាជំនួយក្នុងការពង្រឹងសមត្ថភាពជាគ្រូបង្វឹកបាល់ទាត់របស់ខ្លួន៕

 ប្រភព៖Phnom Penh Crown FC

មតិយោបល់