ព័ត៌មានកីឡា

បើប្រព័ន្ធប្រយុទ្ធ PSG ម៉ាកៗហ្នឹង ក្រុមណាទប់ជាប់ទៅ (វីដេអូ)

ក្រុម Paris Saint Germain ពិតជាធ្វើឲ្យពិភពលោក មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្នុងរដូវកាលនេះ បន្ទាប់ពីបំ​បាក់​ Bayern Munich ៣-០ នៅ Champion League មកបន្តបំបាក់ក្រុម Bordeaux ក្នុងលទ្ធផលយ៉ាងចាស់ដៃ ៦-២​ ទៀត។

វត្តមានរបស់ ខ្សែប្រយុទ្ធប្រេស៊ីល Neymar ប្រៀបដូចជា​ជោគជ័យយ៉ាងធំមួយសម្រាប់ក្រុម Paris Saint Germain ព្រោះថាកាលពីសប្តាហ៍មុន​ ការអវត្តមានខ្សែប្រ​យុទ្ធរូបនេះ បានធ្វើឲ្យ PSG លេងបានត្រឹមស្មើប៉ុណ្ណោះ។ ជាក់ស្តែងណាស់ ក្នុងការប្រកួតជាមួយក្រុម Bordeaux យប់មិញនេះ ក្រុម Paris Saint Germain ពិតជាបង្ហាញ​នូវភាពខ្លាំងក្លាមិនធម្មតាឡើយ ដោយបំបាក់យ៉ាងចាស់ដៃ​លើក្រុមភ្ញៀវក្នុងលទ្ធផល ៦-២។​

៦គ្រាប់របស់ Paris Saint Germain រកបានដោយ Neymar ចំនួន ២គ្រាប់ ដោយស៊ុតនៅនាទីទី ៥​និងបាល់ ១១ម៉ែត្រនៅនាទីទី៤០, Edinson Cavani នៅនាទីទី ១២, Thomas Meunier នៅនាទីទី ២១, Julian Drexler នៅនាទីទី ៤៥​​ និង Kylian Mbappe នៅនាទីទី៥៨ ។ ចំណែកក្រុមភ្ញៀវ Bordeaux វិញថ្វីបើរងគ្រាប់យ៉ាងដំណំពីការស៊ុតរបស់ PSG ក៍ដោយ តែក្រុមមួយនេះ បានវាយបក ២គ្រាប់​មកវិញ ដោយការស៊ុតរបស់កីឡាករ Younousse Sankhare នៅនាទីទី៣១​ និងការទាត់បាល់ ១១ម៉ែត្រនៅម៉ោងបន្ថែមនាទីទី ៩០​ របស់កីឡាករ Malcom ។

ដូច្នេះហើយ ក្រុម Paris Saint Germain នៅតែបន្តឈរកំពូលតារាង League1​ ដដែល ខណ:ខ្សែប្រយុទ្ធជួរមុខទាំង៣​​ របស់ក្រុមសេដ្ឋីបារាំងមួយ​នេះសុទ្ធសឹងបង្ហាញសមត្ថភាព បានយ៉ាងល្អ ក្នុងការរកគ្រាប់បាល់ បញ្ចូលទីឲ្យក្លិប។

//www.youtube.com/watch?v=bM_Mcq6xoPY&pbjreload=10

មតិយោបល់