ព័ត៌មានកីឡា

ទោះបីវ័យចាស់បន្តិចមែន តែ Cahill នៅតែល្អ

ក្រុមបាល់ទាត់ជម្រើសជាតិអូស្រ្តាលី បានឡើងទៅកាន់វគ្គជម្រុះចុងក្រោយបន្តទៀត ជាមួយក្រុម​មកពីតំបន់ CONCACEF ដើម្បីឡើងទៅកាន់ការប្រកួតវគ្គ​ចែកពូល World Cup ២០១៨ នៅប្រទេសរុស្ស៊ី។

បើទោះបីជា ក្រុមជម្រើសជាតិអូស្ត្រាលី មិនទាន់កក់កៅអី​សុវត្ថិភាព ក្នុងការឡើងទៅកាន់វគ្គចែកពូល World Cup ២០១៨ ក៍ដោយ តែអូស្រ្តាលី បានឆ្លងផុតវគ្គជម្រុះ មួយវគ្គទៀតហើយ ក្រោយពីយកឈ្នះក្រុមជម្រើសជាតិ​ស៊ីរី ២-១ ក្នុងទឹកដីខ្លួនឯង ដោយសរុបលទ្ធផល ទាំង២ជើង ៣-២ ។ យ៉ាងណាវិញ កីឡាករ​ Tim Cahill របស់អូស្ត្រាលី ថ្វីបើមានវ័យចំណាស់បន្តិចមែន តែកីឡាកររូបនេះ នៅតែបង្ហាញទម្រង់លេងយ៉ាងល្អ ក្នុងការប្រកួតនេះ។ ជាក់ស្តែងណាស់ ការប្រកួតចាប់ផ្តើម មិនទាន់ក្តៅទីលាន​ស្រួលបួលផង ក្រុមស៊ីរី បានស៊ុត១គ្រាប់ក្នុងនាទីទី ៦ នាំមុខលើក្រុមម្ចាស់ផ្ទះអូស្ត្រាលី យ៉ាងអស្ចារ្យបំផុត ដោយការស៊ុតរបស់កីឡាករ Omar Al Somah ។

ក៍ប៉ុន្តែ​ កីឡាករវ័យចំណាស់ Tim Cahill បានស៊ុតតាមស្មើវិញ នៅនាទីទី ១៣​ ដែលធ្វើឲ្យការប្រកួតកាន់តែល្អមើល ខណ:ក្រុមទាំង២ មិនអាចរកគ្រាប់បាល់បញ្ចូលទីបន្ថែមឡើយ ដោយរក្សាលទ្ធផល ១-១ នៅត្រឹម ៩០នាទីពេញ។ ឈានដល់ម៉ោងបន្ថែម ១៥នាទី ២ដង ក្រុមស៊ីរី បានខក​ចិត្តយ៉ាងខ្លាំង​ ដោយកីឡាករ Mahmoud Al Mawas ទទួលបានកាតក្រហម ក្រោយពីអាជ្ញាកណ្តាលបានផ្តល់​កាតលឿងលើកទី ២ដល់កីឡាកររូបនេះ នៅនាទីទី ៩៤ ។ កាតក្រហមរបស់ក្រុម ស៊ីរីនេះដែរ បានធ្វើឲ្យសម្ពាធ បានធ្លាក់យ៉ាងខ្លាំងមកលើពួកគេ ដោយត្រូវក្រុមអូស្ត្រាលី បន្ថែមការវាយលុកយ៉ាងខ្លាំងក្លា ដែលធ្វើឲ្យក្រុមស៊ីរីធ្លាយ ១គ្រាប់ទៀត នៅនាទីទី ១០៩ ដោយកីឡាករ Tim Cahill ដដែល ដែលធ្វើឲ្យ អូស្ត្រាលី យកឈ្នះក្រុមស៊ីរី ក្នុងលទ្ធផល ២-១។

ដូច្នេះហើយ កីឡាករ Tim Cahill បានក្លាយជាវីរបុរស របស់ក្រុមអូស្ត្រាលី ក្នុងការឡើងទៅកាន់វគ្គជម្រុះចុងក្រោយ នៃព្រឹត្តិការណ៍ World Cup ២០១៨ ជាមួយនឹងក្រុមមកពីំបន់ CONCACEF ។

មតិយោបល់