ព័ត៌មានកីឡា

Cavani ចង់ចាកចេញពី Paris Saint Germain ហើយ

ភាពរកាំរកូស រវាង Neymar និង​ Cavani ថ្វីត្បិតត្រូវបានបញ្ចប់ទាំងស្រុងមែន​ ក្រោយពេលដែល Cavani យល់ព្រមប្រគល់តួនាទីទាត់បាល់ ១១ម៉ែត្រឲ្យ Neymar តែទឹកចិត្តកីឡាករនៅមិនទាន់ចប់នៅឡើយទេ ខណ:ពេលនេះ Cavani បានប្រកាសចង់ចាកចេញពី Paris Saint Germain ជាថ្មីម្តងទៀត។

បើតាមការចុះផ្សាយរបស់ Don Balon បានឲ្យដឹងថា ខ្សែប្រយុទ្ធអ៊ុយរ៉ាហ្គាយ Edinson Cavani មិនចង់បន្ត​លេងឲ្យក្រុម Paris Saint Germain ទៀតហើយ ដោយរូបគេចង់ផ្លាស់ទ្រនុំថ្មី ដែលមិនមានភាពល្អក់កករ ក្នុងអាជីព និងមិត្តរួមក្រុម។ ប្រភពខាងលើដដែល បានឲ្យដឹងបន្ថែមទៀតថា កីឡាករវ័យ ៣០ឆ្នាំរូបនេះ ចង់មកលេងក្រោមករដឹកនាំ​ របស់លោក Pep Guadiola ដែលជាអ្នកចាត់ការក្រុម Manchester City នាពេលបច្ចុប្បន្ននេះ ដែលមានន័យថា Edinson Cavani ចង់មកលេងឲ្យក្រុម Manchester City ។

សម្រាប់ខាងក្រុម Manchester City ហាក់ដូចជាមិនមានបំណងចង់បាន ខ្សែប្រយុទ្ធ Edinson Cavani ឡើយ ព្រោះថាក្លិបកំពុងឡើងជើងមួយនេះ មានខ្សែប្រយុទ្ធទាំងចាស់ និងថ្មីល្អៗជាច្រើន ដែលមិនចាំបាច់ត្រូវការខ្សែប្រយុទ្ធបន្ថែមឡើយ។ ក៍ប៉ុន្តែ Cavani ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់​ក្រុមតោខៀវ Chelsea និងក្លិបចាស់របស់គេ Napoli ដែលក្លិបទាំង២ នេះប្រជែងគ្នាយ៉ាងខ្លាំង ដើម្បីដណ្តើមយក Cavani ។

យ៉ាងណាក៍ដោយ Cavani ចង់មក Man City យ៉ាងខ្លាំង តែបើសិន Man City មិនត្រូវការូបគេ ក៍កីឡាកររូបនេះ នៅតែចាកចេញពីក្រុម Paris Saint Germain ដដែល ព្រោះថា ក្រុមបារាំងមួយនេះ បានត្រៀមទិញ Alexis Sanchez មកជំនួសរូបគេទៅហើយ។

មតិយោបល់