ព័ត៌មានកីឡា

Icardi អាចនឹងក្លាយជាខ្សែប្រយុទ្ធតម្លៃថ្លៃជាងគេនៅខែ​មករាខាងមុខនេះ

ការបង្ហាញខ្លួនបានយ៉ាងល្អ នៅរដូវកាលនេះ បានធ្វើឲ្យ​ខ្សែប្រយុទ្ធអាហ្សង់ទីន Mauro Icardi កំពុងតែទទួល​បានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ក្លិបធំៗជាច្រើននាពេលបច្ចុប្បន្ននេះ។

បើតាមការចុះផ្សាយរបស់ Football365 បានឲ្យដឹងថា ខ្សែប្រយុទ្ធកំពុងលេចធ្លោ Mauro Icardi របស់ក្រុម Inter Milan នឹងក្លាយជាខ្សែប្រយុទ្ធដែលមានតម្លៃថ្លៃជាងគេ នៅខែមករាខាងមុខនេះ។ ជាក់ស្តែងណាស់ នៅពេលនេះ Icardi មានតម្លៃ ផ្តាច់កុងត្រាត្រឹមតែ ៩៨លានផោនប៉ុណ្ណោះ តែសម្រាប់ខែមករាខាងមុខនេះ ខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះ អាចនឹងមានតម្លៃខ្លួនដល់ទៅ ២០០លានអឺរ៉ូ ( ១៧៦លានផោន​ ) ។

ការឡើងថ្លៃខ្លួនខ្ពស់បែបនេះ ដោយសារតែ Mauro Icardi កំពុងលេងបានយ៉ាងល្អ ដោយស៊ុតបាន ១៥គ្រាប់មកហើយ​ ក្នុងចំណោមការបង្ហាញខ្លួន ១៤ប្រកួតកន្លងមក ដែលនេះគឺគ្រាប់ស៊ុតច្រើនបំផុត នៅ Serie A រដូវកាលនេះ។ ម្យ៉ាងវិញទៀតនោះ Icardi បានជួយឲ្យក្រុម Inter Milan មិនទាន់ស្គាល់ចាញ់ការប្រកួត ម្តងនៅឡើយទេ ខណ: Inter Milan ស្ថិតក្នុងក្រុមដែល ប្រជែងពានឆ្នាំនេះផងដែរ។ សម្រាប់ទីផ្សារដោះដូរកីឡាករ ខាងមុខនេះ Icardi ត្រូវបានក្លិបធំៗជាច្រើនយ៉ាងខ្លាំង ដែលនេះ អាចធ្វើឲ្យ Mauro Icardi នឹងក្លាយជាកីឡាករដែលមានតម្លៃខ្លួនថ្លៃជាងគេ ក្នុងខែមករាខាងមុខនេះ។

ដូច្នេះហើយ រង់ចាំមើលថា ប្រសិនបើ តម្លៃខ្លួនរបស់ Mauro Icardi កើនដល់ ២០០លានអឺរ៉ូ តើមានក្លិបណាដែលហ៊ានទិញយក ខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះ នោះ។

មតិយោបល់