ព័ត៌មានកីឡា

ពិតទេ ដែល Real Madrid ចាប់អារម្មណ៍ Salah

នេះគឺជារឿងដ៍ភ្ញាក់ផ្អើលមួយ សម្រាប់អ្នកទស្សនា​បាល់ទាត់ បន្ទាប់ពីបានទទួលតំណឹងថា ក្រុមស្តេចស Real Madrid បានធ្វើការចាប់អារម្មណ៍មកលើកីឡាករ អេហ្ស៊ីប Mohamed Salah នោះ។

បើតាមការចុះផ្សាយរបស់ទូរទស្សន៍ ON Sports TV ក្នុងប្រទេសអេហ្ស៊ីប បានឲ្យដឹងថា ខ្សែប្រយុទ្ធស្លាប Mohamed Salah កំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពី សំណាក់​ក្រុមស្តេចស Real Madrid ។ ជាការពិតណាស់ កម្មវិធីទូរទស្សន៍ខាងលើនេះ បានធ្វើការកត់សម្គាល់ថា Real Madrid កំពុងមានវិបត្តិនៅតំបន់ខាងលើ ខណ:ក្រុមអេស្ប៉ាញមួយនេះ បានសម្លឹងឃើញកីឡាករជា ​ច្រើន ដើម្បីយកទៅបំពេញបន្ថែម នៅតំបន់ដែមានបញ្ហានោះ។

យ៉ាងណាវិញ ក្នុងចំណោមកីឡាករដែល Real Madrid ចាប់អារម្មណ៍នោះ មានខ្សែប្រយុទ្ធស្លាប Mohamed Salah មួយរូបផងដែរ។ ជាក់ស្តែងណាស់ Salah បន្ទាប់ពី​ចាកចេញពីក្រុម Roma មកកាន់ហង្សក្រហម Liverpool​ កាលពីរដូវក្តៅកន្លងមក ដែលការផ្លាស់មកទ្រនុំថ្មីនេះ បានធ្វើឲ្យ កីឡាករអេហ្ស៊ីបរូបនេះ កាន់តែមានប្រជាប្រិយភាព យ៉ាងខ្លាំង។ ក្នុងនោះដែរ Salah កំពុងតែជាកីឡាករ ដែលស៊ុតបានច្រើនជាងគេ នៅ Premier League ដោយស៊ុតបាន ១២គ្រាប់ហើយ នាំមុខកីឡាករឆ្នើម Harry Kane ចំនួន២គ្រាប់។

តាមរយ: ការបង្ហាញសមត្ថភាពយ៉ាងល្អនេះហើយ ដែលធ្វើឲ្យទូរទស្សន៍ ក្នុងប្រទេសអេហ្ស៊ីប ឲ្យដឹងថា កីឡាករ​ Mohamed Salah កំពុងតែទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ក្រុម​ស្តេចស Real Madrid ។ ដូច្នេះហើយ រង់ចាំមើលថា តើក្រុមស្តេចស​ Real Madrid ពិតជាចង់បាន Mohamed Salah ឬក៍យ៉ាងណានោះ?

មតិយោបល់