ព័ត៌មានកីឡា

Ronaldo តាមទាន់កំណត់ត្រា Lionel Messi

កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo បានឈ្នះពានរង្វាន់ Balon D’Or ជាលើកទី៥ ក្នុងអាជីពរបស់រូបគេ ដែលការឈ្នះជាលើកទី៥ នេះ បានធ្វើឲ្យ Ronaldo តាមទាន់កំណត់ត្រា របស់ខ្សែប្រយុទ្ធឆ្នើមអាហ្សង់ទីន Lionel Messi ។

នេះគឺជាការខិតខំប្រឹងប្រែងយ៉ាងល្អ របស់កំពូលតារាស៊ុត​ដ៍ឆ្នើម របស់ក្រុមអធិរាជស Real Madrid គឺកីឡាករ Cristiano Ronaldo ក្នុងការដណ្តើមយកពានរង្វាន់ Balon D’Or ឆ្នាំនេះ ។ គិតត្រឹមរយ:ពេល ១០ឆ្នាំចុងក្រោយនេះ ការប្រជែងយកពាន Balon D’Or មានតែកីឡាករ២ រូបប៉ុណ្ណោះ ដែលអាចឈ្នះពាននេះ ដែលមាន Ronaldo និង Messi ជាគូប្រជែងនឹងគ្នា។ ក្នុងនោះដែរ Ronaldo បានឈ្នះនៅឆ្នាំ២០០៨, ២០១៣, ២០១៤, ២០១៦ និងចុងក្រោយនៅឆ្នាំ ២០១៧នេះ ខណ: Lionel Messi វិញ បានឈ្នះនៅឆ្នាំ ២០០៩, ២០១០, ២០១១, ២០១២ និងចុងក្រោយនៅឆ្នាំ ២០១៥ ។

បន្ទាប់ពីឈ្នះ Baon D’Or ជាលើកទី៥ នេះដែរ Ronaldo បានអរគុណទៅដល់មិត្តរួមក្រុមទាំងអស់ ដែលចូលរួមជួយ​ជ្រោមជ្រែងរូបគេឲ្យឈ្នះ ពានដ៍សំខាន់មួយនេះ ។ ជាងនេះទៅទៀត Ronaldo ក៍អរគុណទៅដល់អ្នកគាំទ្រទាំងអស់ នៅជុំវិញពិភពលោក ដែលបានធ្វើឲ្យ រូបគេមានការល្បីល្បាញដូចថ្ងៃនេះ។ គួរបញ្ជាក់ផងដែរថា នៅឆ្នាំនេះ Cristiano Ronaldo បានឈ្នះពាន ៣រួចមកហើយ រួមមានដូចជា UEFA Best Player Award, FIFA Best Player 2017 និងចុងក្រោយនេះ Balon D’Or ដែលសុទ្ធសឹងជាពានរង្វាន់សំខាន់ៗ ដែលកីឡាបាល់ទាត់​គ្រប់រូបចង់ឈ្នះទាំងអស់។ ការប្រជែងឈ្នះ Lionel Messi ក្នុងការដណ្តើមយកពាន Balon D’Or លើកទី៥ នេះដែរ ដោយសារតែ Ronaldo បានជួយឲ្យ Real Madrid ឈ្នះពាន Champion League លើកទី១២ និង Laliga ជាលើកទី៣៣ បន្ទាប់ពីខកខានតាំងពីឆ្នាំ ២០១២ កាលពីរដូវកាលមុនកន្លងមក។

ដូច្នេះហើយ Ronaldo នឹងមានយុទ្ធនាការណ៍ បន្តទៀត ក្នុងរដូវកាលនេះ ជាមួយ Real Madrid និងជម្រើសជាតិព័រទុយហ្គាល់ ដើម្បីប្រជែងពានរង្វាន់ផ្ទាល់ខ្លួន នៅឆ្នាំក្រោយទៀត។

មតិយោបល់