Post News Media ព័ត៌មានកីឡា សេន ប៊ុនថេន ប...

សេន ប៊ុនថេន បាត់បង់ខ្សែក្រវាត់អន្តរជាតិក្រោមកីឡាករវ័យក្មេង

កាលពីថ្ងៃសៅរ៍ ទី០៩ ខែធ្នូ ម្សិលមិញនេះ មានការប្រកួតអន្តរជាតិដ៏ធំ ដែលធ្វើឲ្យម្នាក់ៗមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយកីឡាករល្បីឈ្មោះ សេន ប៊ុនថេន បានបាត់បង់ខ្សែក្រវាត់អន្តរជាតិ ដែលបានគ្រោងទុកនោះ ក្រោមកីឡាករវ័យក្មេង និងមានបទពិសោធន៍តិចជាង មកពីប្រទេសអ៊ុក្រែនឈ្មោះ Kolibenko Valentyn នៅប៉ុស្ដិ៍លេខ៥ ។

ការប្រកួតនេះត្រូវបានរៀបចំដោយសហព័ន្ធប្រដាល់គុនខ្មែរអន្តរជាតិ និងសហព័ន្ធកីឡាអូឡាំពិកកម្ពុជា ក្រោមការសហការទាំងស្រុងពីប៉ុស្ដិ៍លេខ៥ ដែលជាអ្នកទទួលសិទ្ធិផ្សាយផ្ទាល់ និងជួយផ្នែកបច្ចេកទេស។ នេះគឺជាលើកទី១ ដែលប្រទេសកម្ពុជារៀបចំការប្រកួតដោយមានការកីឡាករមកពីពាសពេញពិភពលោករហូតដល់ទៅ ១១ប្រទេស មកចូលរួម ដែលត្រូវបានរៀបចំឡើងតាំងពីថ្ងៃទី០៨ ធ្នូ និងគ្រោងបញ្ចប់នៅថ្ងៃទី១០ធ្នូ។ ការប្រកួតទាំង៣ថ្ងៃនេះ ក្នុងមួយថ្ងៃមាន ៩គូ ដោយគូខ្លះជាការប្រកួតរវាងកីឡាករកម្ពុជា និងបរទេស និងគូខ្លះជាការប្រកួតរវាងកីឡាករបរទេស និងបរទេស។ ហើយក្នុងនោះគូខ្លះជាការប្រកួតលក្ខណ:មិត្តភាពដើម្បីស្ទាបស្ទង់សមត្ថភាព តែគូខ្លះគឺជាគូដណ្ដើមខ្សែក្រវាត់ ដោយគូខ្សែក្រវាត់សម្រាប់អ្នកឈ្នះទទួលបានទឹកប្រាក់ ១ពាន់ដុល្លារ និងខ្សែក្រវាត់ជើងឯកមួយដែលចេញឲ្យដោយសហព័ន្ធគុនខ្មែរអន្តរជាតិ។

កីឡាករបរទេសភាគច្រើន មកពីបណ្ដាទ្វីបអឺរ៉ុប និងអ៊ីរ៉ង់ នេប៉ាល់ និងប្រទេសឡាវជាដើម ដោយក្នុងនោះក៏មានការប្រកួតរវាងកីឡាការិនីនិងកីឡាការិនីផងដែរ។ យ៉ាងណាក៏ដោយការប្រកួតមួយនេះ មិនតម្រូវឲ្យកីឡាករកម្ពុជាប៉ះប្រកួតជាមួយកីឡាករនោះទេ ដោយកំណត់ឲ្យកីឡាករកម្ពុជាប៉ះជាមួយកីឡាករបរទេស តែចំពោះកីឡាករបរទេសគឺគូត្រូវប៉ះជាមួយបរទេស។ ជាក់ស្ដែងក៏មានការប្រកួតរវាងកីឡាករអ៊ុយក្រែន និងអ៊ុយក្រែនផងដែរ។ ដោយឡែកសម្រាប់ការប្រកួតកាលពីថ្ងៃទី០៩ ធ្នូ គេឃើញកីឡាករជនជាតិនេប៉ាល់ អ៊ីរ៉ង់ អ៊ុយក្រែន ជនជាតិបារាំង សុទ្ធតែបានប្រឹងប្រែងការប្រកួតជាមួយកីឡាករកម្ពុជា ។ នៅក្នុងថ្ងៃនោះ ក៏មានការប្រកួតដណ្ដើមខ្សែក្រវាត់ដ៏ជក់ចិត្ត តែសោកស្តាយដោយកីឡាករជើងខ្លាំង សេន ប៊ុនថេន បានទទួលបរាជ័យ ក្នុងប្រភេទទម្ងន់៧៥គីឡូក្រាម។

ក្រោយការបរាជ័យកីឡាករកម្ពុជារូបនេះ ទទួលបានតម្លៃខ្លួនតែ ៤០០ដុល្លារ ប៉ុន្តែសម្រាប់អ្នកឈ្នះគឺបានខ្សែក្រវាត់ និងទឹកប្រាក់ ១ពាន់ដុល្លារ។ ប៊ុនថេន ក៏បានសម្ដែងការខកចិត្តផងដែរ ដោយអះអាងថាបើកុំតែអាណិតគូប្រកួត ក៏ប្រហែលជាមិនមានលទ្ធផលបែបនេះ៕

Loading...