ព័ត៌មានកីឡា

Spurs មិនខ្លាច Man Utd ក្នុងការប្រជែងយក Bale

បើទោះបីជាក្រុម Tottenham Hotspur បានលក់ខ្សែប្រយុទ្ធ Gareth Bale ឲ្យក្រុម Real Madrid កាលពីរដូវកាល ២០១៣-២០១៤ កន្លងទៅក៍ដោយ តែក្រុមកំពុងឡើងជើងនៅ Champion League មួយនេះ ចាប់អារម្មណ៍ ក្នុងការនាំយកកីឡាករវែលរូបនេះ ត្រឡប់ពីអេស្ប៉ាញមក​វិញ។

ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ The Sun បានឲ្យដឹងថា ក្រុម Tottenham បានត្រៀមប្រជែងជា​មួយក្រុមបីសាចក្រហម Manchester United រួចហើយនៅរដូវក្តៅក្រោយនេះ ដើម្បីទិញយក Gareth Bale ពី Real Madrid ត្រឡប់មកវិញ។ ការសម្លឹងឃើញ Gareth Bale នេះដែរ ដោយសារតែក្រុមអង់គ្លេសមួយនេះ អាចនឹងរបូតខ្សែប្រយុទ្ធដ៍មុតស្រួចរបស់គេ Harry Kane ស្របពេលដែល Real Madrid កំពុងតាមអន្ទងកីឡាកររូបនេះយ៉ាងខ្លាំង។ ការនាំយក Gareth Bale ពី Real Madrid នេះដែរ ប្រហែលជាមិនមែនជារឿងងាយស្រួល​ឡើយ ព្រោះថា Spurs ត្រូវជួបគូប្រជែងយ៉ាងធំ គឺក្រុមបីសាចក្រហម Manchester United ដែលតាមប្រមាញ់កីឡាកររ៉ាំរ៉ៃដោយរបួសរូបនេះ ជាយូរណាស់មកហើយ។ ក៍ប៉ុន្តែ សម្រាប់ក្រុម Tottenham ហាក់មិនសូវបារម្ភ ក្នុងរឿងនេះឡើយ ព្រោះក្រុមមួយនេះ មានហេតុផល២យ៉ាងដែលពួកគេ អាចប្រជែងឈ្នះ Man Utd នោះ។ ទី១ Gareth Bale ជាអតីត កីឡាករដែលចុះពន្លកចេញ ពីក្រុម Tottenham និងទី២ នោះ Real Madrid កំពុងចាប់អារម្មណ៍លើ Harry Kane ដែលកត្តានេះ អាចជម្រុញឲ្យ ក្រុម Tottenham ជ្រើសរើសលក្ខខ័ណ្ឌ លក់ទិញកីឡាករ ជាមួយ Real Madrid ។

យ៉ាងណាវិញ នេះគ្រាន់តែជាក្តី​សង្ឃឹមរបស់ក្រុមមាន់ខ្នាយមាស Tottenham Hotspur ប៉ុណ្ណោះ ខណ:ការពិតយ៉ាងណានោះ នៅមិនទាន់ដឹងនៅឡើយទេ។ ដូច្នេះហើយ រង់ចាំមើលថា តើរវាងក្រុមមាន់ខ្នាយមាស Tottenham Hotspur និងបីសាចក្រហម Manchester United មួយណានឹងអាចនាំយក Gareth Bale ពី Real Madrid បាននោះ។

មតិយោបល់