ព័ត៌មានកីឡា

Ronaldo និង Bale ស៊ុតម្នាក់១គ្រាប់វាយបកយកឈ្នះ​ក្រុម នៅអារ៉ាប់រួម

ថ្វីដ្បិតក្រុមអធិរាជស Real Madrid ជាក្រុមលំដាប់កំពូលនៅអឺរ៉ុបដែលចាយលុយយ៉ាងសន្ធឹកសន្ធាប់ ព្រមទាំងមានប្រជាប្រិយភាពខ្លាំង ក្នុងពិភពបាល់ទាត់ក៍ដោយ តែក្រុមយក្សអេស្ប៉ាញមួយនេះ ហាក់ដូចជាពិបាកក្នុងការយកឈ្នះក្រុម នៅអារ៉ាប់រួមយ៉ាងខ្លាំង។

ជាក់ស្តែងណាស់ ក្នុងការប្រកួតព្រឹត្តិការណ៍ FIFA Club World Cup ដែលរៀបចំឡើង នៅអារ៉ាប់យប់មិញ នេះ ក្រុម Real Madrid បានយកឈ្នះយ៉ាងប្រផិតប្រផើយ លើ​ក្រុម របស់ម្ចាស់ផ្ទះអារ៉ាប់រួម Al-Jazira ក្នុងលទ្ធផល​ ២-១ ។ ក្នុងនោះដែរ ក្រុម Al-Jazira បានបង្កើតឱកាសនាំមុខមុន លើក្រុម ជើងខ្លាំង Real Madrid តាំងពីតង់ទី១ តាមរយ:ការស៊ុតរបស់ កីឡាករ Romaninho នៅនាទីទី៤១ ដែលធ្វើឲ្យ Real Madrid ត្រូវខិតខំបន្ថែមយ៉ាងខ្លាំង។

យ៉ាងណាវិញ ឈានចូលដល់តង់ទី២ ការវាយលុករបស់ Real Madrid បានចាប់ផ្តើមលេចចេញ នូវប្រសិទ្ធិភាពយ៉ាងខ្លាំង ពោល នៅនាទីទី៥៣ ខ្សែប្រយុទ្ធដែលទើបឈ្នះពាន Balon D’Or ថ្មីៗ Cristiano Ronaldo បានស៊ុត១គ្រាប់តាមស្មើ​ឲ្យក្រុម Real Madrid វិញ។ បន្ថែមលើនេះ Real Madrid បានបន្តរកគ្រាប់បាល់ ១គ្រាប់ទៀត នាំមុខវិញម្តង​លើក្រុម Al-Jazira ដោយការស៊ុតរបស់ខ្សែប្រយុទ្ធអន្តរ​ជាតិវែល Gareth Bale នៅនាទីទី៨១។

ដូច្នេះហើយ ក្រុម Real Madrid បានយកឈ្នះយ៉ាងប្រផិតប្រផោយ ក្នុងលទ្ធផល ២-១ ដែលធ្វើឲ្យក្រុម ជើងឯកអឺរ៉ុបមួយនេះ ឡើងទៅកាន់វគ្គបន្តទៀត នៃព្រឹត្តិការណ៍ FIFA Club World Cup ។

https://www.youtube.com/watch?v=EDBikEAtrwI

មតិយោបល់