ព័ត៌មានកីឡា

Ronaldo នឹងចូលនិវត្តន៍នៅ Real Madrid

កំពូលខ្សែប្រយុទ្ធវ័យ៣២ឆ្នាំ ដែលតែងតែបង្កើតកំណត់ត្រា​ថ្មីៗ បន្តបន្ទាប់ឲ្យក្រុម Real Madrid កីឡាករ Cristiano Ronaldo ត្រូវបានទម្លាយឲ្យដឹងថា រូបគេនឹងបញ្ចប់អាជីពបាល់ទាត់របស់គេ ជាមួយក្រុមស្តេចស Real Madrid ។

បើតាមរបាយការណ៍ របស់ FourFourTwo បានឲ្យដឹងថា ខ្សែប្រយុទ្ធ ដែលទើបជួយឲ្យក្រុមស្តេចស Real Madrid ឈ្នះពាន FIFA Club World Cup នៅអារ៉ាប់ កាលពីថ្ងៃសៅរ៍កន្លងមកនេះ នឹងបន្តអាជីពរបស់រូបគេ​នៅ Real Madrid រហូតដល់រូបគេចូលនិវត្តន៍ ពីពិភពបាល់​ទាត់។ ជាការពិតណាស់ Ronaldo នៅពេលនេះ មានវ័យ៣២ឆ្នាំទៅហើយ ថ្វីដ្បិតតែរូបគេ នៅតែមានប្រជាប្រិយភាព ល្បីល្បាញក៍ដោយ តែទម្រង់លេង របស់កីឡាករព័រទុយហ្គាល់រូបនេះ មិនដូចរដូវកាលមុនៗឡើយ។ បើតាមលោក Zidane បានឲ្យដឹងថា Ronaldo បានយល់ព្រមរួចហើយ ក្នុងការលេងឲ្យ Real Madrid រហូតដល់រូបគេចូលនិវត្តន៍ ខណ: Real Madrid វិញ ក៍មិនលក់ Ronaldo ចេញឡើយ។ គួរបញ្ជាក់ផងដែរថា Ronaldo បានជួយ​ឲ្យក្រុម Real Madrid ឈ្នះពានជាច្រើន ចាប់តាំងពីផ្លាស់​មកកាន់ Real Madrid កាលពីឆ្នាំ ២០០៩ ។ ក្នុងនោះដែរ ក្រៅពីពាន នៅអេស្ប៉ាញ Ronaldo បាននាំ Real Madrid ឈ្នះពាន Champion League ៣លើក FIFA Club World Cup ៣លើក, UEFA Super Cup ៣លើក ដែលនេះគឺជាសមទ្ធិផលយ៉ាងល្អ របស់តារាឆ្នើមរូបនេះ។ ម្យ៉ាងវិញទៀត​ Ronaldo ក៍បានឈ្នះពាន Balon D’Or ៤លើក នៅ Real Madrid ផងដែរ។

យ៉ាងណាវិញ មួយរយ:ចុងក្រោយនេះ Ronaldo ត្រូវបានទទួលនូវពាក្យចរចាមអារាមថា កីឡាកររូបនេះ អាចនឹងចាកចេញពី Real Madrid ទៅកាន់ក្លិបថ្មី បន្ទាប់ពីកីឡាកររូបនេះ បានឲ្យមេធាវី របស់គេ ជួយដោះស្រាយបញ្ហា Release Clause របស់គេ។ ក៍ប៉ុន្តែ លោក Zinedine Zidane បានឲ្យដឹងយ៉ាងច្បាស់ថា Ronaldo នឹងមិនចាកចេញពី Real Madrid ទៅកាន់ក្លិបថ្មីឡើយ។ ដូច្នេះហើយ តាមរយ:ប្រភពខាងលើនេះ កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo នឹងបន្តលេងឲ្យក្រុម Real Madrid រហូតដល់​រូបគេចូលនិវត្តន៍ ពីពិភពបាល់ទាត់។

មតិយោបល់