Post News Media ព័ត៌មានកីឡា ការប្រកួតនៅសល...

ការប្រកួតនៅសល់២ខែទៀត តែសំបុត្រទស្សនារវាងក្រុម Real Madrid និង Paris Saint Germain ត្រូវលក់អស់ទាំង២ជើង

ការប្រកួតវគ្គ១៦ក្រុម UEFA Champion League រវាងក្រុម អធិរាជស Real Madrid និងក្រុម Paris Saint Germain កំពុងតែកក្រើកយ៉ាងខ្លាំង ដែលតាមការប៉ាន់ប្រមាណ ការប្រកួតនេះ មានសន្ទុះចង់​ខ្លាំងជាង ជំនួប El Clasico រវាង Real Madrid និង Barcelona ទៅទៀត។

ជាក់ស្តែងណាស់ បើតាមប្រភពពី Marca បានឲ្យដឹងថា សំបុត្រចូលរួមទស្សនារវាងក្រុម Real Madrid និងក្រុម Paris Saint Germain ទាំង២ជើង ត្រូវបានលក់ដាច់អស់ហើយ។ យ៉ាងណាវិញនោះ ប្រភពខាងលើដដែល បានឲ្យដឹងបន្ថែមទៀតថា សំបុត្រការប្រកួតរវាងក្រុមទាំង២ មានតម្លៃរហូតដល់ទៅ ១៤០០០អឺរ៉ូ ដែលជាតម្លៃខ្ពស់បំផុតមួយ នៃការទស្សនា ការ​ប្រកួតនាពេលកន្លងមក។ អ្វីដែលជារឿងគួរឲ្យកត់សម្គាល់​នោះគឺ ការប្រកួតរវាងក្រុមទាំង២ នៅសល់ប្រមាណជា ២ខែទៀតឯណោះ ក៍ប៉ុន្តែ សំបុត្រចូលរួមទស្សនា បានលក់អស់យ៉ាងរហ័សសឹងមិនគួរឲ្យជឿ។

គួរបញ្ជាក់ផងដែរថា កាលពីមុន មានតែជំនួប El Clasico រវាងក្រុម Real Madrid និង Barcelona ប៉ុណ្ណោះ ដែលមានការចាប់អារម្មណ៍ខ្លាំងបំផុត ពីសំណាក់អ្នកទស្សនាជុំវិញពិភពលោក តែសម្រាប់ការប្រកួតរវាង ក្រុម Real Madrid និង Paris Saint Germain ហាក់ដូចជាកក្រើកជាង El Clasico ទៅទៀត ដែលមានន័យថា ជំនួបរវាងក្រុមយក្ស២នៅតំបន់អឺរ៉ុប កំពុងតែមានការតាមដានយ៉ាងខ្លាំងពីអ្នកគាំទ្រនៅជុំវិញពិភពលោក។ ដូច្នេះហើយ រង់ចាំមើលថា រវាងក្រុម Real Madrid និង Paris Saint Germain ក្រុមមួយណាអាចឡើងទៅកាន់វគ្គ ៨ក្រុមចុងក្រោយនេះ។

Loading...