Post News Media ព័ត៌មានកីឡា Rooney ស្ថិតក...

Rooney ស្ថិតក្នុងបញ្ជីឈ្មោះ កីឡាករទាត់បានច្រើនគ្រាប់នៅ Premier League

បន្ទាប់ពីការផ្លាស់ទៅកាន់ក្រុម Everton កាលពីរដូវក្តៅ​កន្លងមក ខ្សែប្រយុទ្ធ Wayne Rooney ហាក់ដូចជាកាក់កបជាងនៅបីសាចក្រហម Manchester United ដោយបន្តការស៊ុតបញ្ចូលទីជាញឹកញាប់ឲ្យក្លិប​បាល់ទាត់ Everton ។

ក្នុងរដូវកាលថ្មី ដែល Wayne Rooney ចាប់ផ្តើមអាជីពជាថ្មី ជាមួយក្រុម Everton កីឡាករវ័យចំណាស់អង់គ្លេសរូបនេះ ពិតជាធ្វើបានយ៉ាងល្អ ជាងនៅបីសាចក្រហមនាពេលរដូវកាលមុន។ ជាការពិតណាស់ Rooney ស៊ុតបាន១០គ្រាប់ហើយ ក្នុងការបង្ហាញខ្លួនបាន ១៧លើកឲ្យក្រុម Everton ដោយឈរលេខ៥ស្ទួន ជាមួយខ្សែប្រយុទ្ធរបស់ក្រុមបីសាចក្រហម Manchester United កីឡាករ Romelu Lukaku និងខ្សែប្រយុទ្ធ Manchester City កីឡាករ Sergio Aguero ដែលស៊ុតបាន ១០គ្រាប់ដូចគ្នា។

យ៉ាងណាវិញនោះ គ្រាប់បាល់ ១០គ្រាប់របស់ Wayne Rooney នេះ តាមពីក្រោយត្រឹម ៤គ្រាប់ប៉ុណ្ណោះ ជាមួយនឹង Mahamed Salah ដែលកំពុងឈរជាកីឡាករស៊ុតច្រើន​ជាងគេ និង Harry Kane ត្រឹម២គ្រាប់ប៉ុណ្ណោះ។ គួរបញ្ជាក់ផងដែរថា កាលពីដើមរដូវកាលកន្លងមក ក្រុម Everton ហាក់លេងមិនត្រូវជើងគ្នាសោះ ដែលធ្វើឲ្យពួក​គេ ធ្លាក់សឹងដល់បាតតារាង ក៍ប៉ុន្តែ ក្រោយពីដូរគ្រូបង្វឹកថ្មីរួចមក បានធ្វើឲ្យមានការប្រែប្រួល​យ៉ាងខ្លាំង ដោយចាប់ផ្តើមលេងឡើងជើងដូចរដូវកាលមុន​វិញ។ ដោយហេតុនេះហើយ ខ្សែប្រយុទ្ធ Wayne Rooney បានចាប់ផ្តើមធ្វើបានយ៉ាងល្អវិញ ដោយបន្តស៊ុតបន្តបន្ទាប់គ្នារហូត។

ដូច្នេះហើយ Wayne Rooney នៅមានឱកាសច្រើន ក្នុងការប្រជែងតំណែង Top Scorer នៅ Premier League រដូវកាលនេះ ប្រសិនបើកីឡាករអង់គ្លេសរូបនេះ នៅតែបន្តស៊ុតបានយ៉ាងល្អបែបនេះនោះ។

Loading...