ព័ត៌មានកីឡា

Chelsea លួងចិត្ត Courtios មិនឲ្យចាកចេញ

ក្រុមតោខៀវ Chelsea បានព្យាយាមលួងលោម អ្នកចាំទី​ប៊ែលហ្ស៊ិក Thibaut Courtios មិនឲ្យចាកចេញ ទៅកាន់ Real Madrid ឡើយ តាមរយ:កុងត្រា ថ្មីដែលមានលក្ខខ័ណ្ឌយ៉ាងល្អប្រសើរសម្រាប់អ្នកចាំទីរូបនេះ។

បើតាមការឲ្យដឹងពី Telegram បានបង្ហាញថា ក្រុមតោខៀវ Chelsea នឹងធ្វើឲ្យអ្នកចាំទី Thibaut Courtios ក្លាយជាអ្នកចាំទីដែលមានប្រាក់ពលកម្មប្រចាំ​សប្តាហ៍ខ្ពស់ ក្នុងពិភពលោក ប្រសិនបើ Courtios យល់ព្រមបន្តនៅក្លិបអង់គ្លេសមួយនេះ។ ជាការពិតណាស់ នៅពេលបច្ចុប្បន្ននេះ Thibaut Courtios មានតម្លៃពលកម្មត្រឹម ១០ម៉ឺនផោនប៉ុណ្ណោះ ខណ:កុងត្រាថ្មីនេះ អ្នកចាំទីប៊ែលហ្ស៊ិករូបនេះ នឹងទទួលបានជាងគុណនឹង២ ទៅទៀត។

ប្រភពខាងលើដដែល បានឲ្យដឹងបន្ថែមទៀតថា បើ Courtios ពិតជាយល់ព្រមចុះកុងត្រាថ្មីមែននោះ រូបគេនឹង​បន្តនៅ Chelsea រហូតដល់ឆ្នាំ ២០២៣ ហើយតម្លៃពលកម្មប្រចាំសប្តាហ៍របស់កីឡាកររូបនេះ នឹងកើនឡើងច្រើនជាង ២០ម៉ឺនផោន លើស Devid De Gea របស់ក្រុមបីសាចក្រហម Manchester United ដែលទទួលបានត្រឹម ២០ម៉ឺនផោនប៉ុណ្ណោះ។ គួរបញ្ជាក់ផងដែរថា ការតម្លើងប្រាក់ពលកម្មយ៉ាងច្រើនបែបនេះ ដល់ Thibaut Courtios នោះ ដោយសារតែ អ្នកចាំទីរូបនេះ ទទួលបាននូវ​ពាក្តចរចាមអារាម ក្នុងការផ្លាស់ទៅកាន់ក្រុម Real Madrid ប្រសិនបើ Real Madrid បរាជ័យក្នុងការទិញយក Devid De Gea នោះ។ ម្យ៉ាងវិញទៀត Courtios ផ្ទាល់ក៍ចង់ចាកចេញ ពី Chelsea ដែរ ដែលកត្តានេះហើយ បានជម្រុញឲ្យ Chelsea ត្រូវតែផ្តល់លក្ខខ័ណ្ឌដ៍ប្រសើរមួយដល់ អ្នកចាំទីរូបនេះ ប្រសិនបើ មិនចង់បាត់បង់ទេនោះ។

ដូច្នេះហើយ ក្រុម តោខៀវ Chelsea នឹងតម្លើងតម្លៃពលកម្មប្រចាំសប្តាហ៍ ដល់ Thibaut Courtios ច្រើនជាង ២០ម៉ឺនផោនពោលគឺជាង ២ដងនៃតម្លៃពលកម្មនាពេលបច្ចុប្បន្ននេះ ប្រសិនបើអ្នកចាំទីរូបនេះ យល់ព្រមបន្តនៅ Chelsea រហូតដល់ឆ្នាំ ២០២៣នោះ។

មតិយោបល់