Post News Media ព័ត៌មានកីឡា ភា សុភ័ត្រា៖ ...

ភា សុភ័ត្រា៖ ខ្ញុំជឿជាក់ខ្លាំងលើកីឡាករទ័ព ក្នុងជំនួបវគ្គផ្តាច់ព្រ័ត្រជាមួយ បឹងកេត ស្អែក

ការប្រកួតលីគកំពូល រដូវកាល ២០១៧ បានឈានចូលដល់វគ្គផ្តាច់ព្រ័ត្រ ដោយក្លិបបាល់ទាត់ក្រសួងការពារជាតិ(ទ័ព) ត្រូវប៉ះជាមួយ បឹងកេត នៅថ្ងៃទី៣០ ស្អែកនេះ ខណ:ដែលលោក ភា សុភ័ត្រា ដែលជាគ្រូជំនួយការរបស់លោក ទេព ឡុងរចនា មានជំនឿរជឿជាក់យ៉ាងខ្លាំងលើកីឡាកររបស់ខ្លួន ក្នុងការដណ្តើមជើងឯក។

យោងតាមការសំភាសន៍ផ្តាច់មុខ លោក ភា សុភ័ត្រា បាននិយាយថា៖ «ក្តីសង្ឃឹមសម្រាប់ខ្ញុំ សង្ឃឹមខ្លាំងទៅលើកីឡាករ ជឿជាក់ខ្លាំងទៅលើកីឡាករ ក្នុងការឈ្នះពាន ប៉ុន្តែពាក់ព័ន្ធជាមួយក្តីសង្ឃឹមទាំងនោះ យើងមិនភ្លេចក្នុងការប្រឹងប្រែង នឹងការត្រៀមខ្លួននោះទេ។ សម្រាប់ ទ័ព មានគុណវិបត្តិតិចតួចដែរ ដោយសារតែ មុនឈានមកដល់វគ្គផ្តាច់ព្រ័ត្រនេះ យើងត្រូវឆ្លងកាត់ការប្រកួតជាមួយក្រុមខ្លាំងៗ ណាហ្គាវើល នឹងព្រះខ័នរាជស្វាយរៀង ដែលធ្វើឲ្យកីឡាករមានបញ្ហារបួសខ្លះ ទោះជាយ៉ាងណា យើងក៏មានគុណសម្បត្តិដែរ ក្នុងការឆ្លងកាត់ជំនួបជាមួយក្រុមខ្លាំង ធ្វើឲ្យកីឡាករមានឆន្ទ: នឹងការប្រឹងប្រែងខ្លាំងជាងមុន។ ប៉ុន្តែ យើងគ្មានក្តីបារម្ភអ្វីទៀតទេ ទាក់ទងនឹងគុណវិបត្តិ ព្រោះយើងបានកែសម្រួលរួចហើយ ដោយសារតែរយ:ពេល នៃការត្រៀមខ្លួនមានដល់ទៅ ៧ថ្ងៃមុនការប្រកួត ដោយបានព្យាបាលក៏ដូចជាធ្វើលំហាត់ប្រាណសម្រួលដល់កីឡាករ»។

គួរបញ្ជាក់ថា ការប្រកួតរវាងក្រុមទាំងពីរ នឹងធ្វើឡើងនៅវេលាម៉ោង ៦:០០ នាទីល្ងាច ថ្ងៃទី៣០ ខែធ្នូ នាពហុកីឡដ្ឋានជាតិ ខណ:ក្រុមដែលឈ្នះនឹងទទួលបានកៅអីទៅប្រកួតពានរង្វាន់ក្លិបបាល់ទាត់កម្រិតទី២ប្រចាំទ្វីបអាស៊ី AFC Cup 2018 ក្នុងពូល F៕

Loading...