Post News Media ព័ត៌មានកីឡា លេចធ្លាយការចង...

លេចធ្លាយការចង់ចាកចេញរបស់ Ronaldo ពី Real Madrid

កំពូលខ្សែប្រយុទ្ធ​ ដែលកំពុងតែទទួលបានភាពជោគជ័យ​យ៉ាងត្រចះត្រចង់ នាឆ្នាំ ២០១៧នេះ គឺតារាស៊ុតដ៍ឆ្នើម Cristiano Ronaldo ត្រូវបានគេទម្លាយឲ្យដឹងថា កីឡាកររូបនេះ កំពុងតែរកច្រកចេញ ពីក្រុមអធិរាជ Real Madrd ។

ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ Daily Mail បានឲ្យដឹងថា Ronaldo កំពុងតែទាមទារឲ្យក្រុម Real Madrid ទម្លាក់តម្លៃលក់រូបគេ ត្រឹម ១០០លានអឺរ៉ូ​ ឬទាប​ជាងនេះ ដែលតម្លៃនេះ ដូចទៅនឹងតម្លៃដែលក្រុម Real Madrid ទិញយករូបគេ កាលពីឆ្នាំ ២០០៩។ ក្នុងនោះដែរ ប្រភពខាងលើនេះ បានឲ្យដឹងបន្ថែមទៀតថា​ ការចង់ទម្លាក់​តម្លៃខ្លួននេះ គឺ Ronaldo ចង់ចាកចេញពីក្រុមយក្ស អេស្ប៉ាញមួយនេះ ដើម្បីទៅកាន់ក្លិបថ្មី ដែលគេរំពឹងថា ជា​ក្រុមបីសាចក្រហម Manchester United ឬក៍ Paris Saint Germain ។

យ៉ាងណាវិញនោះ ការទាមទារទម្លាក់​តម្លៃខ្លួន ត្រឹម១០០លានអឺរ៉ូ នេះ វាដូចជាទាបពេកហើយ សម្រាប់ Ronaldo ព្រោះថាតាមរយ:ភាពល្បីល្បាញរបស់​កំពូលតារាឆ្នើមរូបនេះ មិនសមឡើយ ម្យ៉ាងតម្លៃនេះទាប​ជាង​កីឡាករល្បីមួយចំនួនដូចជា Harry Kane, Dele Alli, Philippe Coutinho, Mauro Icardi, និង Eden Hazard ជាដើមដែលមានតម្លៃខ្លួនថ្លៃជាងនេះ។ ក៍ប៉ុន្តែ Daily Mail បានឲ្យដឹងទៀតថា ការទម្លាក់តម្លៃខ្លួនបែប​នេះ Ronaldo ចង់ឲ្យក្លិបធំៗមួយចំនួនហ៊ានទិញយក​រូបគេ ព្រោះថាបើតាមវ័យរបស់គេពេលនេះ តម្លៃជាង ១០០លានអឺរ៉ូ ប្រហែលជាក្លិបមួយចំនួនមិនចាប់អារម្មណ៍ ទិញឡើយ។

ដូច្នេះហើយ Cristiano Ronaldo នឹងព្យាយាមធ្វើឲ្យក្លិប Real Madrid លុប Release Clause តម្លៃ ១០០០លានអឺរ៉ូរបស់គេ ដោយដាក់លក់វិញ ត្រឹមតម្លៃ ១០០លានអឺរ៉ូប៉ុណ្ណោះ។

Loading...