ព័ត៌មានកីឡា

Barcelona នឹងចំណាយ ១៣០លានផោននាំយក Philippe Coutinho នៅសប្តាហ៍នេះ

បើទោះបីជាបរាជ័យ ជាច្រើនលើកច្រើនសារ ក្នុងការទិញយកខ្សែបម្រើប្រយុទ្ធប្រេស៊ីល Philippe Coutinho ក៍ដោយក៍ក្រុមយក្សអេស្ប៉ាញ Barcelona នៅតែតាមទិញ កីឡាកររូបនេះដែរ។

ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ The Mirror បានឲ្យដឹងថា ក្រុម Barcelonaបានត្រៀមទឹកប្រាក់ ១៣០លានផោន ក្នុងការទិញយក Philippe Coutinho នៅក្នុងសប្តាហ៍នេះ។ ជាការពិតណាស់ បន្ទាប់ពីតាមទិញ មិនបានកាលពីរដូវក្តៅកន្លងមក ក្រុម Barcelona មានសង្ឃឹមយ៉ាងមុតមាំថា នៅរដូវរំហើយនេះ ពួកគេនឹងអាចនាំយក Coutinho ឲ្យបាន។

ម្យ៉ាងវិញទៀតនោះ Coutinho បានយល់ព្រមផ្លាស់មកកាន់ ក្រុម Barcelona ហើយខណ:ក្លិបហង្សក្រហម Liverpool ក៍ពេញចិត្តក្នុងការលក់កីឡាកររូបនេះដែរ ដោយមិនរារាំង​​ដូចរដូវក្តៅកន្លងមកឡើយ។ គួរបញ្ជាក់ផងដែរថា Philippe Coutinho បានខកខានផ្លាស់មកកាន់ក្រុម Barcelona កាលពីរដូវក្តៅកន្លងមក ដែលកាលនោះ Barcelona បានចំណាយដល់ទៅ ១៦០លានផោនឯណោះ តែក្រុមហង្សក្រហម មិនព្រមលក់។ យ៉ាងណាវិញ នៅក្នុងពេលដ៍ខ្លីខាងមុខនេះ ពោលក្នុងសប្តាហ៍នេះ ក្រុម Barcelona ចំណាយត្រឹម ១៣០លានផោនប៉ុណ្ណោះ ស្របពេលដែល Liverpool បានយល់ព្រមលក់ឲ្យក្រុម Barcelona ហើយនោះ។

ដូច្នេះហើយ ក្នុងពេលដ៍ខ្លីខាងមុខនេះ ក្រុម Barcelona នឹងទទួលបានសមាជិកថ្មីមួយរូបទៀត ដែលជាកីឡាករតាមទិញជាច្រើនលើក ច្រើនសារនោះ គឺកីឡាករ Philippe Coutinho ។

មតិយោបល់