ព័ត៌មានកីឡា

Real Madrid តម្លើងប្រាក់ឈ្នួល Ronaldo ដើម្បីលួងចិត្តកុំឲ្យចាកចេញ

ថ្វីបើក្រុម Real Madrid កំពុងតែត្រៀមនាំយកកីឡាករឆ្នើមៗ ជាច្រើនមកកាន់ Real Madrid ដូចជា Harry Kane, Neymar និង Eden Hazard ក៍ដោយ តែក្រុមអធិរាជស អេស្ប៉ាញមួយ​នេះ នៅតែមិនបោះបង់ចោល កំពូលខ្សែប្រយុទ្ធដែលបាន​ជួយក្លិបឲ្យឈ្នះពានជាច្រើននាពេលកន្លងមក Cristiano Ronaldo ឡើយ។

នេះបើតាមការចុះផ្សាយរបស់ The Goal បានឲ្យដឹងថា ក្រុម Real Madrid បានត្រៀមតម្លើងថ្លៃឈ្នួលពលកម្ម ដល់ខ្សែប្រយុទ្ធ Cristiano Ronaldo ដើម្បីចង់ឃាំងកីឡា​កររូបនេះ មិនឲ្យចាកចេញពី Real Madrid នៅរដូវក្តៅ​ក្រោយនេះ។ ជាការពិតណាស់ នៅពេលបច្ចុប្បន្ននេះ Ronaldo មានតម្លៃពលកម្មប្រចាំសប្តាហ៍ចំនួន ៣៦៥០០០ផោន ដែលតម្លៃនេះ នៅទាបជាង Neymar របស់ក្រុម Paris Saint Germain និង Lionel Messi របស់ក្រុម Barcelona ដែលទើបបន្តកុងត្រាថ្មីៗនេះ។

យ៉ាងណាវិញនោះ បើតាមប្រភពខាងលើដដែលនេះ ក្រុម Real Madrid គ្រោងតម្លើងថ្លៃឈ្នួលដល់ Cristiano Ronaldo ដល់ទៅ ៦០ម៉ឺនផោនក្នុង១សប្តាហ៍ ដែលតម្លៃនេះ សមមូលជាមួយនឹង Messi និង Neymar ដែលសុទ្ធសឹងជាកីឡាករល្បីៗនោះ។ គួរបញ្ជាក់ផងដែរថា ការតម្លើងតម្លៃពលកម្ម Ronaldo ខ្ពស់បែបនេះ ដោយសារតែ Real Madrid ខ្លាចតារាស៊ុតរូបនេះ ចាកចេញ ពី Bernabeu ព្រោះថាមួយរយ:ចុងក្រោយនេះ Ronaldo ហាក់ដូចជាអន់ចិត្តជាមួយ Real Madrid ព្រមទាំងមានបំណងចង់ចាកចេញពី Real Madrid ផងដែរ។

ហេតុនេះហើយ ដើម្បីលួងចិត្ត កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo ក្រុម Real Madrid បានតម្លើងតម្លៃពលកម្ម ដល់កីឡាកររូបនេះ ពី ៣៦៥០០០ កើនដល់ ៦០ម៉ឺនផោន ក្នុង១សប្តាហ៍។

មតិយោបល់