ព័ត៌មានកីឡា

បើចឹងមែនចុះ Modric វិញគិតយ៉ាងម៉េចទៅ

ថ្វីបើមិនទាន់ជោគជ័យក្នុងការទិញយកខ្សែប្រយុទ្ធវ័យ ២៤ឆ្នាំ អង់គ្លេស Harry Kane ពីក្រុម Tottenham ក៍ដោយ តែក្រុម Real Madrid បានត្រៀមអាវលេខ ១០ ទុកឲ្យ Kane នៅពេលដែលការផ្ទេរលេចចេញជាផ្លូវ​ការណ៍នោះ។

ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ Diario Gol ក្នុងប្រទេសអេស្ប៉ាញ បានឲ្យដឹងថា Real Madrid បានត្រៀមទុកអាវលេខ១០ ដើម្បីទទួលខ្សែប្រយុទ្ធ Harry Kane នៅរដូវក្តៅខាងមុខនេះ។ តាមរយ:ការត្រៀមលេខអាវនេះបង្ហាញឲ្យឃើញថា ក្រុម Real Madrid មានជំនឿចិត្តយ៉ាងមុតមាំថា ពួកគេនឹងយក Harry Kane បាននៅរដូវក្តៅខាងមុខនេះ។ យ៉ាងណាវិញ ការត្រៀមអាវលេខ ១០ សម្រាប់ Harry Kane នេះគឺជាបញ្ហាចោទមួយ​សម្រាប់ក្រុម Real Madrid ព្រោះថា Luka Modric ដែលជាខ្សែបម្រើឆ្នើម ល្បឿនលឿន និងរហ័យរបស់ក្រុមអធិរាជស មួយនេះ កំពុងតែពាក់អាវ​លេខ ១០ ។

តាមប្រភពខាងលើនេះដដែល មិនបាន​បញ្ជាក់ថា Modric យ៉ាងណាយ៉ាងណីឡើយ ក៍ប៉ុន្តែ តាមរយ:ការចុះផ្សាយនាពេលកន្លងមក បានឲ្យដឹងថា Luka Modric អាចនឹងចាកចេញពី Real Madrid មកកាន់ Premire League វិញ ទំនងជាទ្រនុំចាស់​របស់កីឡាកររូបនេះ Tottenham ផងដែរ។ ក៍ប៉ុន្តែ ប្រសិនបើ Real Madrid មិនលក់ Modric ហើយទិញបាន Harry Kane នោះ​ ច្បាស់ណាស់ Modric នឹងវិលទៅពាក់អាវលេខ ១៩វិញ ខណ: Harry Kane នឹងពាក់អាវលេខ ១០ របស់ James Rodriguez ជំនួសវិញ។

គួរបញ្ជាក់ផងដែរថា ក្រុម Real Madrid កំពុងតាមប្រមាញ់ Harry Kane យ៉ាងមមាញឹក ស្របពេលដែលតម្លៃខ្លួនវិញ បានកើនឡើងគួរឲ្យកត់សម្គាល់ ពោលគឺច្រើនជាងតម្លៃខ្លួន Neymar ផ្ទេរទៅកាន់ក្រុម Paris Saint Germain ទៅទៀត៕

មតិយោបល់