ព័ត៌មានកីឡា

ម៉េចបានចង់មកវិញចឹង?

កំពូលខ្សែប្រយុទ្ធដែលទទួលបានជោគជ័យយ៉ាងច្រើនលើសលប់ កាលពីឆ្នាំ ២០១៧កន្លងមកនេះ Cristiano Ronaldo ត្រូវបានគេទម្លាយឲ្យដឹងថា កីឡាករដ៍ឆ្នើមវ័យ៣២ឆ្នាំរូបនេះ កំពុងតែចង់ផ្លាស់មកកាន់​ទ្រនុំចាស់របស់គេវិញ។

ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់កាសែត AS ពីប្រទេសអេស្ប៉ាញ បានឲ្យដឹងថា Cristiano Ronaldo លែងចង់បន្តអាជីពជាមួយក្រុម Real Madrid ទៀតហើយ បន្ទាប់ពីរដូវកាលនេះ ក្រុមយក្សអេស្ប៉ាញមួយ​នេះលេងធ្លាក់ទម្រង់យ៉ាងខ្លាំងនោះ។​ ក្នុងនោះដែរ បើតាមប្រភពខាងលើដដែលនេះ បានឲ្យដឹងបន្ថែមទៀតថា Ronaldo កំពុងតែចង់ផ្លាស់មកកាន់ ក្រុមបីសាចក្រហម Manchester United វិញដែលជាអតីតទ្រនុំដ៍កក់ក្តៅ របស់កីឡាកររូបនេះ។

Ronaldo ប្រហែលជាមិនពេញចិត្ត​ចំពោះពត៌មានជាច្រើននៃការនាំយកកីឡាករថ្មីៗ ជាច្រើនមកកាន់ Real Madrid ដូចជា Harry Kane, Neymar, Eden Hazard និង Antoine Griezmann ជាដើម ដែលអាចគំរាមកំហែង​ដល់អនាគត់ និងតំណែងរបស់ខ្សែកំពូល រូបនេះ នៅរដូវកាលក្រោយផងដែរ។ ម្យ៉ាងវិញទៀត Ronaldo ក៍បានរៀបចំមេធាវីរបស់រូបគេ​ ដើម្បីដោះស្រាយបញ្ហា Release Clause ដែលជារនាំងដ៍ធំមួយក្នុងការ​រារាំង​មិន​ឲ្យ Ronaldo ចាកចេញពី Bernabeu បាននោះ។

យ៉ាងណាវិញ ក្រុម Real Madrid ហាក់មិនចង់ឲ្យ Ronaldo ចាកចេញឡើយ ព្រោះថា ក្លិបបានត្រៀមតម្លើង​តម្លៃពលកម្មដល់ តារាស៊ុតរូបនេះ រហូតដល់ទៅ ៦០ម៉ឺនផោនក្នុង១សប្តាហ៍ ដែលសមមូលជាមួយនឹងតម្លៃ​ពលកម្មរបស់ Neymar និង Lionel Messi ។

មតិយោបល់