ព័ត៌មានកីឡា

Dortmund៖ បើចង់បាន Aubameyang ទាល់តែមានថ្នូ

បន្ទាប់ពីក្រុមកាំភ្លើងធំ Arsenal ចេះតែចង់ទិញយកខ្សែប្រយុទ្ធ Pierre-Emerick Aubameyang ជាច្រើនលើកច្រើនសាររួចមក ក្រុម Dortmund បានទាមទារថ្នូ ក្នុងការលក់កីឡាកររូបនេះ។

ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ The Mirror បានឲ្យដឹងថា ក្រុម Dortmund អាចលក់ Aubameyang ឲ្យ Arsenal បានតែ Arsenal ត្រូវតែលក់កីឡាករមួយរូបមកឲ្យក្លិបអាឡឺម៉ង់មួយនេះវិញ។ ជាការពិតណាស់ ក្រុម Dortmund បានផ្តោតការចាប់អារម្មណ៍លើខ្សែប្រយុទ្ធបារាំង Olivier Giroud ពីក្រុមកាំភ្លើងធំ Arsenal វិញ ប្រសិនបើ Dortmund លក់ Aubameyang ចេញនោះ។

ប្រភពខាងលើនេះដដែល បានឲ្យដឹងបន្ថែមទៀតថា Arsenal កាន់តែចង់បាន Aubameyang មែនទែនហើយ ក្រោយពេលដែល Alexis Sanchez ចាកចេញពី Emirates ទៅកាន់ Old Trafford ដលជាហេតុធ្វើឲ្យ Arsenal ត្រូវការខ្សែប្រយុទ្ធថ្មី ចាប់ដៃគូជាមួយ Alexandre Lacazette ។ ក្នុងនោះដែរ សម្រាប់ខាង Dortmund វិញ អាចលក់ Aubameyang ឲ្យ Arsenal បានលុះត្រាណាតែ ក្រុមកាំភ្លើងធំ Arsenal លក់ខ្សែប្រយុទ្ធ Olivier Giroud ឲ្យមកវិញ។​

ដូច្នេះហើយ តាមរយ:លក្ខខ័ណ្ឌនេះ ប្រហែលជា Arsenal មិនរុញរាឡើយ ព្រោះថា ក្លិបអង់គ្លេសមួយនេះ ចង់បាន Aubameyang យ៉ាងខ្លាំង ស្របពល Olivier Giroud មិនស្ថិតក្នុងក្រសែភ្នែករបស់លោក Arsene Wenger ឡើយ នាពេលបច្ចុប្បន្ននេះ។

មតិយោបល់