Post News Media ព័ត៌មានកីឡា វិសាខា បានដាក...

វិសាខា បានដាក់សំណើរទៅ ទ័ព ដើម្បីនាំយកកីឡាករ ច្រឹង ពលរដ្ឋ តែមិនមានការឆ្លើយតប

ក្លិបបាល់ទាត់ វិសាខា ដែលទើបឡើងមកលីគកំពូលកម្ពុជានូវរដូវកាល ២០១៨នេះ បានលើកឡើងថា ជាការពិតណាស់ក្លិបបានដាក់សំណើរទៅកាន់ក្លិបក្រសួងការពារជាតិ (ទ័ព) ពិតមែន ដើម្បីនាំយកកីឡាករ ច្រឹង ពលរដ្ឋ កាលពីម្សិលមិញ តែមិនមានការឆ្ល់ើយតបមកវិញទេ។

នៅក្នុងសន្និសីទសារព័ត៌មានកាលពីព្រឹកមិញនេះ លោក ហ៊ុក សុចិត្រា ​អ្នក​ចាត់ការ​ក្រុម​វិសាខា បានឆ្លើយនឹងសំនួរអ្នកសារព័ត៌មានថា៖ «ទាក់ទងនឹងរឿង ចរចាមអារាមថាក្លិបនឹងនាំយកខ្សែបម្រើ ច្រឹង ពលរដ្ឋ មកជួយក្រុមនៅរដូវកាល ២០១៨នេះ ពិតណាស់កាលពីម្សិលមិញយើងបានដាក់សំណើរទៅកាន់ក្លិបក្រសួងការពារជាតិ ក្នុងការចរចានាំយកកីឡាករ ច្រឹង ពលរដ្ឋ ប៉ុន្តែមិនមានការឆ្លើយតបមកវិញឡើយ។ ដូច្នេះយើងអាចនិយាយថា កិច្ចចរចានេះស្មើនឹងសូន្យ ពេលនេះខ្ញុំបញ្ជាក់ថា កីឡាកររបស់យើងគឺមានតែប៉ុណ្នឹងទេ (២៧នាក់) ដែលនូវក្នុងបន្ទប់នេះ»។

សូមរំលឹកថា លោក ខូវ ឆាយ ដែលជាអ្នកចាត់ការទូទៅក្លិបក្រសួងការពារជាតិ ធ្លាប់បាននិយាយថា មានក្លិបចំនួន ២ នៅលីគកំពូលកម្ពុជា បានទាក់ទងដើម្បីនាំយកកីឡាករ ច្រឹង ពលរដ្ឋ ហើយសេចក្តីសម្រេចយ៉ាងណារង់ចាំក្លិបបញ្ជប់ភារកិច្ចនៅប្រទេសឥណ្ឌូនេស៊ីសិន តែពេលនេះក្លិបបានមកវិញហើយ។ ដូច្នេះក្នុងពេលឆាប់ៗនេះ នឹងដឹងច្បាស់ថា ពលរដ្ឋ ទៅចូលរួមជាមួយក្លិបណាឲ្យពិតប្រាកដ តែការចាកចេញគឺ​៩៩%ហើយមិននូវក្លិបចាស់ទៀតទេ៕

Loading...