ព័ត៌មានកីឡា

វិសាខា ធ្វើដំណើរទៅប្រកួតមិត្តភាពជាមួយក្លិបថៃ ២ ត្រៀមលីគចាប់ផ្តើម

ក្លិបបាល់ទាត់ វិសាខា ដែលទើបឡើងមកលីគកំពូលនារដូវកាលថ្មី ២០១៨នេះ បានរៀបចំប្រកួតមិត្តភាពជាមួយក្លិបចំនួន ២ នៅប្រទេសថៃ នៃក្របខ័ណ្ឌ Thai League 2 ដែលចាប់ពីថ្ងៃទី២៨ ខែមករា ដល់ថ្ងៃទី០៣ ខែកុម្ភ: នឹងបានចេញដំណើរទៅនូវថ្ងៃនេះ។

យោងតាមសម្តីរបស់លោក ហុក សុជវ័ន្ត ដែលជាគ្រូបង្វឹកក្លិប វិសាខា បាននិយាយថា៖ «យើងនឹងធ្វើដំណើរទៅថ្ងៃនេះ ហើយឈប់សម្រាកនូវ កោះកុង មួយយប់ ថ្ងៃទី២៧ បន្តដំណើរទៅកាន់ ខេត្តត្រាត ហើយថ្ងៃទី២៨ ប្រកួតជាមួយ Trat Fc ថ្ងៃទី៣១ ប្រកួតជាមួយ Trat FC ម្តងទៀត នឹងប្រកួតជាមួយ Chanthaburi FC នៅថ្ងៃទី០៣ ខែកុម្ភ: បានយើងវិលត្រលប់មកវិញ ស្នាក់នូវកោះកុង មួយយប់ ទាល់តែថ្ងៃទី០៦ បានមកដល់ភ្នំពេញវិញ»។

សូមបញ្ជាក់ថា ក្លិបវិសាខា ដែលត្រូវទៅប្រកួតមិត្តភាពកម្តៅសាច់ដុំ សម្រាប់ត្រៀមខ្លួនលីគកំពូលកម្ពុជា ចាប់ផ្តើមនាដើមខែមិនា មាន Trat FC នឹង Chanthaburi FC ដែលសុទ្ធតែកំពុងប្រកបអាជីពនូវ Thai League 2 ៕

មតិយោបល់