ព័ត៌មានកីឡា

Barcelona បានយល់ព្រមជាមួយក្លិបចិន សម្រាប់ផ្ទេរ Javier Mascherano

ក្លិបអ្នកមានបុណ្យ Barcelona បានបញ្ជាក់ថាកីឡាករ Javier Mascherano នឹងទៅចូលរួមជាមួយក្លិប Hebei China Fortune របស់ប្រទេសចិន នាពេលឆាប់ៗនេះ។

ខ្សែការពារសញ្ជាតិអាហ្សង់ទីនវ័យ ៣៣ ឆ្នាំរូបនេះ បានចាកចេញពីអេស្ប៉ាញ នៃក្របខ័ណ្ឌ La Liga បន្ទាប់ពីចំណាយពេល ៨ឆ្នាំ នៅជាមួយក្លិប Barcelona ហើយនឹងផ្លាស់ទៅប្រទេសចិនក្នុងកិច្ចព្រមព្រៀង ៥,៥៥ លានអឺរ៉ូ។ Mascherano បានចូលរួមជាមួយក្លិប Barcelona ដោយផ្លាស់ពីក្លិប Liverpool កាលពីខែសីហាឆ្នាំ ២០១០ បន្ទាប់ពីលេងឱ្យក្រុម River Plate, corinthians fc និង West Ham United ។

សេចក្តីថ្លែងការណ៍ថា “ក្លិប FC Barcelona និង Hebei China Fortune បានឈានដល់កិច្ចព្រមព្រៀងមួយសម្រាប់ការផ្ទេរកីឡាករ Javier Mascherano ទៅកាន់ក្លិបចិនចាប់ពីថ្ងៃទី ២៦ ខែមករា” ។ នៅប្រទេសចិនកីឡាករអាហ្សង់ទីននេះ នឹងបានលេងជាមួយមិត្តរួមជាតិគឺ Ezequiel Lavezzi និងលេងនៅក្រោមអតីតគ្រូបង្វឹកក្រុម Man City លោក Manuel Pellegrini ។

Mascherano បង្ហាញខ្លួនបាន ៣៣៤ លើក សម្រាប់ក្លិប Barcelona ដែលទទួលបានពានរង្វាន់សរុប ១៨ ពានរង្វាន់ រួមទាំងពានរង្វាន់ La Liga ចំនួន ៤ និង UEFA Champions Leagues ចំនួន ២ ផងដែរ៕

មតិយោបល់