Post News Media ព័ត៌មានកីឡា PSG លេងមិនឲ្យ...

PSG លេងមិនឲ្យ Montpellier តដៃបានឡើយ ក្រោយពីចាញ់ Lyon សប្តាហ៍មុន

ការប្រកួតចាញ់ក្រុម Lyon កាលពីសប្តាហ៍មុនកន្លងមកនេះ បានធ្វើឲ្យក្រុមជើងខ្លាំង បារាំង Paris Saint Germain កែប្រែស្ថានការណ៍បាន​យ៉ាងល្អត្រឡប់មកវិញ ដោយមកបំបាកក្រុម Montpellier ក្នុងលទ្ធផល​យ៉ាងចាស់ដៃ ៤-០ ។

Paris Saint Germain បានបន្តឈរកំពូលតារាងយ៉ាងល្អដដែល ដោយមិនទាន់​មានក្រុមណាមួយនៅលីគកំពូលរបស់បារាំង មកប្រជែងយកតំណែងនេះ ពីពួកគេ​បានឡើយ។ ជាក់ស្តែងណាស់ ការយកឈ្នះក្រុម Montpellier ៤-០ យប់មិញនេះ កាន់តែបង្ហាញកៅអីសុវត្ថិភាព ដល់ក្រុមអ្នកមានបារាំងមួយនេះ។ គួរបញ្ជាក់ផងដែរថា ៤គ្រាប់របស់ក្រុម Paris Saint Germain រកបានដោយ​ការទាត់បញ្ចូលទីយ៉ាងល្អរបស់កីឡាករ Edinson Cavani នៅនាទីទី១១, ការទាត់បាល់ ១១ម៉ែត្ររបស់កីឡាករឆ្នើម​ Neymar នៅនាទីទី៤០ និងការស៊ុត១គ្រាប់ទៀតនៅនាទីទី៨២ ខណ: Angel Di Maria រកបាន១គ្រាប់ដែរនៅនាទីទី ៧០។

ដូច្នេះហើយ ក្រុម Paris Saint Germain បានបន្តឈរកំពូលតារាង ដោយនាំមុខដាច់លើក្រុមជើងខ្លាំង Lyon ចំនួន ១១ពិន្ទុ ស្របពេលដែល Lyon សល់១ប្រកួតយប់នេះក្នុងដៃ។

Loading...