ព័ត៌មានកីឡា

លោក កែវ កុសល និយាយអ្វីខ្លះក្រោយដឹកនាំ បឹងកេត ស្មើគ្នានឹង Lao Toyota FC

កាលពីម្សិលមិញ ក្រុមបាល់ទាត់ បឹងកេត បានត្រឹមស្មើគ្នាជាមួយ Lao Toyota FC របស់ប្រទេសឡាវ ដោយលទ្ធផលស្មើ ៣ ទល់ ៣ នាពហុកីឡដ្ឋានជាតិ ដែលជាទឹកដីខ្លួន នៃវគ្គជម្រុះ ជើងទី ១ ក្នុងពានរង្វាន់ AFC Cup 2018។

នៅក្នុងសន្និសីទសារព័ត៌មានក្រោយចប់ការប្រកួតលោក កែវ កុសល គ្រូបង្វឹក បឹងកេត បាននិយាយថា៖ «ក្នុងការប្រកួតបញ្ចប់លទ្ធផល ៣ ទល់ ៣ នេះ សម្រាប់ខ្ញុំផ្ទាល់! ខ្ញុំគិតថាដូចជាមិនអាក្រក់ពេកទេ។ ៣ស្មើ ក្នុងទឹកដីខ្លួនឯង គឺយើងអាចទទួលយកបាន អ្វីដែលសំខាន់យើងសិក្សាពីចំនុចខ្វះខាតរបស់យើង ដើម្បីសម្រាប់ត្រៀមទៅប្រកួតជើងទី ២ នៅទឹកដីប្រទេសឡាវវិញម្តង ព្រោះយើងដឹងហើយថា ពេលទៅទឹកដីឡាវ យើងត្រូវការឈ្នះ។ ចំពោះ ចំនុចខ្វះខាតក្នុងជំនួបនេះ គឺនៅតំបន់ខ្សែការពារ គឺយើងទាស់ខ្សែការពារកណ្ដាលរបស់យើងពីនាក់ ព្រោះគាត់ទុកឱកាសឲ្យកីឡាករលេខ ១៨ ដែលជាប្រធានក្រុមគាត់គ្រប់គ្រង់បាល់បានច្រើនពេក ព្រោះអីគ្រប់ពេលគាត់ទទួលបាល់ គឺមុខបែរចំទីខ្លួនគាត់ហើយ អច្ចឹងគាត់គ្រោះថ្នាក់ណាស់ អច្ចឹងកាលណាយើងឲ្យគាត់ ផ្ដល់ឱកាសឲ្យគាត់ទៅមុខ អច្ចឹងគាត់មានឱកាសបង្គរគ្រោះថ្នាក់ ហើយនៅមានចំនុច ២, ៣ ដែលខ្ញុំត្រូវកែប្រែបន្ថែមទៀត»។

គួរបញ្ជាក់ថា ការប្រកួតជើងទី២ រវាង បឹងកេត នឹង Lao Toyota FC នឹងត្រូវធ្វើឡើង នៅថ្ងៃទី ០៣ ខែ កុម្ភ: ឆ្នាំ ២០១៨ នៅទឹកដីប្រទេសឡាវវិញម្តង នាកីឡដ្ឋាន National Stadium KM16 ខណ:ដែលក្រុមដែលឈ្នះនឹងត្រូវឡើងទៅពូល F រួមជាមួយក្រុម Ceres Negros (ហ្វីលីពីន),  Home United (សិង្ហបុរី) និង Shan United (មីយ៉ាន់ម៉ា)៕

មតិយោបល់