ព័ត៌មានកីឡា

វិសាខា ត្រលប់មកពីប្រកួតមិត្តភាពអន្តរជាតិនៅប្រទេសថៃវិញដោយមិនស្គាល់ពាក្យចាញ់

ក្លិបបាល់ទាត់ វិសាខា បានធ្វើដំណើរទៅប្រកួតមិត្តភាពអន្តរជាតិ នាទឹកដីប្រទេសថៃចំនួន ២ ប្រកួត ជាមួយក្លិបដែលកំពុងប្រកបអាជីពនៅក្របខ័ណ្ឌលំដាប់ទី ២ (League Division 2) របស់ថៃ ដោយទទួលលទ្ធផល ឈ្នះ ១ នឹងស្មើ ១ ។

កាលពីថ្ងៃទី ២៨ ខែ មករា ឆ្នាំ ២០១៨ ក្រុមដែលទើបឡើងមកលេងក្របខ័ណ្ឌកំពូលរបស់កម្ពុជា បានយកឈ្នះក្រុមម្ចាស់ផ្ទះ ត្រាតអេហ្វសុី (Trat FC) ដោយលទ្ធផល ២ ទល់ ០ ខណ:ដែលម្សិលមិញនេះបានបន្តប្រកួតមិត្តភាពអន្តរជាតិជាលើកទី ២ ជាមួយនឹងក្រុម ចន្ថាបូរី (CHANTHABURI FC) ដែលជាម្ចាស់ផ្ទះ ដោយលទ្ធផលស្មើគ្នា ២ ទល់ ២ នាកីឡដ្ឋាន ចន្ថាបូរី នាថ្ងៃទី ៣១ ខែ មករា ដដែល។

ក្នុងការធ្វើដំណើរត្រលប់មកវិញ វិសាខា មិនឲ្យខាតជើងឡើយ ដោយត្រូវឈានចូលទឹកដីខេត្តកោះកុង ដើម្បីប្រកួតមិត្តភាពមួយលើកទៀតជាមួយជម្រើសខេត្តនេះផ្ទាល់ នៅថ្ងៃទី ០២ ខែ កុម្ភ: នាកីឡដ្ឋាន ខេត្តកោះកុង វេលាម៉ោង ៣:៣០ នាទីរសៀល៕

មតិយោបល់