ព័ត៌មានកីឡា

គ្រូបឹងកេត៖ យើងនឹងប្រើប្រយុទ្ធច្រើន ព្រោះត្រូវការឈ្នះ

មុនការប្រកួតមកដល់ នាថ្ងៃទី ០២ ខែ មករា នៅវេលាម៉ោង ៦ ល្ងាចនេះ រវាងក្រុម បឹងកេត នឹងក្រុម Lao Toyota FC របស់ប្រទេសឡាវ ក្នុងពានរង្វាន AFC Cup 2018 ជើងទី ២ លោក កែវ កុសល ដែលជាគ្រូបង្វឹក ក្រុមដំណាងកម្ពុជា បានលើកឡើងថា យើងត្រូវការឈ្នះ ដូច្នេះនឹងប្រើប្រព័ន្ធប្រយុទ្ធច្រើន។

នៅក្នុងសន្និសីទសារព័ត៌មានគ្រូបង្វឹកថ្មី បឹងកេត បាននិយាយថា៖ «​ខ្ញុំបានសង្កេតឃើញក្នុងការប្រកួតកាលពីជើងទី ១ គឺនៅពេលដែលយើងលេងបាល់ផ្លោងទៅលើគឺមានផលល្អ ចឹងពេលប្រកួតនៅទឹកដីឡាវ យើងនឹងប្រើប្រយុទ្ធច្រើន ហើយនឹងព្យាយាមលេងបាល់លើ ដែលត្រូវលើកឲ្យចំកីឡាករមាឌធំ Julius»។ លោក កែវ កុសល ដែលកាន់អាជ្ញាប័ណ្ណគ្រូបង្វឹក កម្រិត AFC A License ទើបមកដឹកនាំ បឹងកេត កាលពីប្រកួតលើកមុន ជាមួយ Lao Toyota FC នៅជើងទី ១ ប៉ុណ្ណោះ ស្របពេលដែលបុរសវ័យ ៣៦ ឆ្នាំរូបនេះ បោះបង់អាជីពនេះជាច្រើនឆ្នាំទៅហើយ។

សូមបន្ថែមថា ក្នុងជំនួបជើងទី២ វគ្គជម្រុះ រវាង បឹងកេត ជាមួយ Lao Toyota FC នឹងធ្វើឡើងលើទីលានកីឡដ្ឋានជាតិឡាវ Lao National Stadium ខណ:កាលពីជើងទី១ ក្រុមទាំងពីរបញ្ចប់ទៅដោយលទ្ធផលស្មើគ្នា ៣ ទល់ ៣ នាពហុកីឡដ្ឋានជាតិ៕

មតិយោបល់