ក្រុមអធិរាជស Real Madrid មានគម្រោងក្នុងការនាំយកខ្សែប្រយុទ្ធអាហ្សង់ទីន Mauro Icardi ក្នុងទីផ្សារដោះដូរកីឡាកររដូវរំហើយនេះ តែក្រុមយក្សអេស្ប៉ាញមួយនេះ បានខកខានមិនបានទិញយកខ្សែប្រយុទ្ធរបស់ក្រុម Inter Milan រូបនេះវិញ។
ក្នុងនោះដែរ បើតាមការចុះផ្សាយរបស់ The Mirror បានឲ្យដឹងថា ខ្សែប្រយុទ្ធកំពុងទទួលបានប្រជាប្រិយភាព ក្នុងរយ:ពេល២រដូវកាលកន្លងមកនេះ Mauro Icardi សោកស្តាយយ៉ាងខ្លាំង ដែលមិនបានផ្លាស់ទៅកាន់ Real Madrid ។ តាមប្រភពខាងលើដដែលនេះ បានឲ្យដឹងទៀតថា Icardi បាននិយាយថា រូបគេពិតជាសោកស្តាយខ្លាំងណាស់ ដែលមិនបានផ្លាស់ទៅកាន់ Real Madrid, នៅសល់តែបន្តិចទៀត រូបគេបានសម្រេចគោលបំណងទៅហើយ តែអ្វីៗត្រូវបានបញ្ចប់ក្រោយពីក្រុម Real Madrid បែរជាមិនទិញកីឡាករថ្មីវិញនោះ។ ជាក់ស្តែងណាស់ Icardi បានត្រៀមខ្លួន ក្នុងការផ្លាស់ទៅលេងឲ្យក្រុមយក្សអឺរ៉ុបមួយនេះ នៅ Laliga ទៅហើយ តែរូបគេបានត្រឹមតែខកចិត្តប៉ុណ្ណោះ ខណ: Real Madrid មិនទិញយករូបគេវិញ។
គួរបញ្ជាក់ផងដែរថា Mauro Icardi ត្រូវបានក្រុម Inter Milan ដាក់តម្លៃលក់ចេញ ២០០លានអឺរ៉ូ ដោយក្រុម Real Madrid មានបំណងនាំយកខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះ ទៅកាន់ Bernabeu ។ យ៉ាងណាវិញនោះ Real Madrid បានត្រឹមតែចាប់អារម្មណ៍ប៉ុណ្ណោះ ដោយមិនចំណាយលុយទិញកីឡាករបន្ថែមឡើយ ជាហេតុធ្វើឲ្យ Mauro Icardi មានការសោកស្តាយយ៉ាងខ្លាំង ដែលបំណងរបស់គេត្រូវបានបញ្ចប់។
មតិយោបល់