ព័ត៌មានកីឡា

លោក កែវ កុសល និយាយពីមូលហេតុធ្វើឲ្យ បឹងកេត យកឈ្នះម្ចាស់ផ្ទះ Lao Toyota FC

កាលពីម្សិលមិញ ក្រុមបាល់ទាត់ បឹងកេត បានយកឈ្នះ Lao Toyota FC ដោយលទ្ធផល ១ ទល់ ០ ក្នុងជំនួបជើងទី ២ នៃវគ្គជម្រុះពានរង្វាន់ AFC Cup 2018 នាកីឡដ្ឋានជាតិឡាវ Lao National Stadium ខណ:ដែលជើងទី ១ លទ្ធផលស្មើគ្នា ៣ ទល់ ៣ ដូច្នេះ បឹងកេត ត្រូវឡើងទៅពូល F នៃពាន AFC CUP 2018។

យោងតាមកាសែត TheMorning លោក កែវ កុសល ដែលជាគ្រូបង្វឹកបឹងកេតបាននិយាយថា៖ «វាជាការប្រកួតដ៏ស្វិតស្វាញ ខណ:ដែលក្រុមទាំងពីរបានព្យាយាមយ៉ាងខ្លាំង។ នេះជាប្រកួតដ៏ល្អ! យើងបានបង្កើនសមត្ថភាពក្រុមរបស់យើងសម្រាប់វគ្គទី ២ ដោយផ្អែកលើបទពិសោធរបស់យើងនៅក្នុងប្រកួតនេះផ្ទាល់។ ខ្ញុំពិតជារីករាយណាស់ដែលបឹងកេតឆ្លងកាត់ដំណាក់កាលក្រុម។ ការលើកទឹកចិត្តក៏ដូចជាស្មារតីក្រុម និងជាពិសេសការខិតខំប្រឹងប្រែងរួមគ្នាជាក្រុម គឺជាគន្លឹះដើម្បីឈ្នះការប្រកួត។ យើងបានផ្តោតអារម្មណ៍ពេញលេញនៅក្នុងការប្រកួតនិងបានរក្សាការប្រយុទ្ធរហូតដល់ទីបញ្ចប់ហើយបូកយុទ្ធសាស្រ្តក្រុមរបស់យើងដែលបានរៀបចំអនុវត្តនៅក្នុងការប្រកួត»។

សូមបញ្ជាក់ថា បឹងកេត នឹងត្រូវឡើងទៅកាន់ពូល F នៃពានរង្វាន់ប្រចាំទ្វីបអាស៊ី  AFC Cup 2018 រួមមានក្រុម Ceres–Negros (ហ្វីលីពីន), Home United (សិង្ហបុរី) នឹង Shan United (មីយ៉ាន់ម៉ា)៕

មតិយោបល់