ព័ត៌មានកីឡា

ធារី ចន្ថាប៊ីន​ និយាយអ្វីខ្លះបន្ទាប់ពីបានបង្ហាញខ្លួនលើកដំបូងនៅ MSL ពេញ ៩០ នាទី

ខ្សែបម្រើសញ្ជាតិខ្មែរ ធារី ចន្ថាប៊ីន បានបង្ហាញខ្លួនជាលើកដំបូង នៅក្របខ័ណ្ឌកំពូលម៉ាឡេសុី (Malaysia Super League) សម្រាប់ក្រុម Terengganu កាលពីថ្ងៃសៅរ៍ ក្នុងការប្រកួតស្មើ ២-២ ជាមួយក្រុម PKNS នៅក្នុងទឹកដីខ្លួន ដែលនេះជាជំនួបបើកឆាក Super League ។

នេះគឺជាការបង្ហាញខ្លួនលើកដំបូងសម្រាប់ ចន្ថាប៊ីន ជាមួយក្រុមម៉ាឡេស៊ី នៅក្នុងក្របខ័ណ្ឌកំពូលនេះ ក្រោយពីបានផ្ទេរពីក្រុម Krabi FC នៃក្របខ័ណ្ឌ Thai League 2 កាលពីខែធ្នូ ឆ្នាំ២០១៧។ ក្រោយពីលេងនៅ MSL ជាលើកដំបូងជាមួយ Terengganu កីឡាករវ័យ ២៦ ឆ្នាំរូបនេះ បានលើកឡើងថាក្របខ័ណ្ឌ Malaysia Super League គឺជាការប្រកួតដ៏ស្វិតស្វាញមួយ ខណ:ពេលដែលមានកីឡាករកម្រិតខ្ពស់ៗច្រើន ដូច្នេះគាត់ត្រូវការបង្កើនសមត្ថភាព ដើម្បីធានាកន្លែងជម្រើស ១១ នាក់ដំបូងនៅក្រុម Terengganu ។

កីឡាករកូនកាត់ខ្មែរបារាំងរូបនេះ បាននិយាយថា៖ “Terengganu គឺជាក្លិបដ៏ល្អជាមួយ នឹងមានការប្រកួតប្រជែងដ៏អស្ចារ្យ។ ដូច្នេះខ្ញុំសប្បាយរីករាយក្នុងការចូលរួមជាមួយពួកគេ។ ពួកយើងបានប្រឹងប្រែងខ្លាំងណាស់ដូច្នេះយើងគួរតែឈ្នះការប្រកួតនេះ។ កម្រិតកីឡាកររបស់ MSL គឺមានភាពរឹងមាំ ដូច្នេះខ្ញុំគិតថាខ្ញុំត្រូវខិតខំប្រឹងប្រែងទៀតដើម្បីឱ្យប្រសើរឡើង និងហ្វឹកហាត់បន្ថែមដើម្បីរក្សាតំណែងរបស់ខ្ញុំនៅក្នុងក្រុម ១១នាក់ដំបូង។ ខ្ញុំគិតថាខ្ញុំអាចធ្វើឱ្យខ្លួនខ្ញុំកាន់តែប្រសើរឡើងដោយផ្អែកលើការប្រកួត”។

សូមបញ្ជាក់ថា ចាប់តាំងពីបានផ្លាស់ប្តូរមកចូលរួមជាមួយក្រុម Terengganu នេះជាលើកដំបូងសម្រាប់ ធារី ដែលបានលេងការប្រកួតផ្លូវការ ដែលជាជំនួបសប្តាហ៍ទី ១ នៃក្របខ័ណ្ឌកំពូលម៉ាឡេសុី ៕

មតិយោបល់