ព័ត៌មានកីឡា

Mahrez ប្រាប់ Leicester ឲ្យគិតឡើងវិញ

ខ្សែបម្រើស្លាបអាល់សេរ៉ី Riyad Mahrez នៅតែបន្តអាក់អន់ស្រពន់ចិត្តជាមួយក្រុម Leicester City ដដែល ដោយរូបគេបានចេញមុខមកដាស់តឿនក្រុម​អង់គ្លេសមួយនេះ។

ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ Daily Mail បានឲ្យដឹងថា Riyad Mahrez បានស្នើឲ្យក្លិប Leicester City យល់ព្រមលក់រូបគេចេញ នៅរដូវក្តៅ​ក្រោយនេះ។ ការធ្វើបែបនេះ វាហាក់ជាការគំរាមមួយដល់​ក្លិប Leicester City ដែលបន្តក្រាញននៀលមិនព្រមលក់ Mahrez ចេញ ជាច្រើនលើកកន្លងមកនេះ។ ក្នុងនោះដែរ Mahrez បានសោកស្តាយខ្លាំងបំផុត នៅពេលថ្ងៃចុងក្រោយ នៃទីផ្សាររដូវរំហើយ កីឡាកររូបនេះ បានត្រៀមខ្លួនក្នុងការផ្លាស់ទៅកាន់ក្រុម Manchester City តម្លៃ ៥០លានផោនទៅហើយ ក៍ប៉ុន្តែ Leicester City បានបញ្ចប់ក្តីស្រម៉ៃនេះវិញ ដោយបិទបញ្ចប់ទីផ្សារមិន​ព្រមលក់រូបគេឡើយ។

យ៉ាងណាវិញ Riyad Mahrez បានបន្តពិភាក្សាឡើងវិញ ជាមួយក្លិបដើម្បីធ្វើយ៉ាងណាឲ្យ​យល់ព្រមលក់រូបគេ នៅរដូវក្តៅក្រោយនេះ ក្នុងន័យស្វែងរកទ្រនុំថ្មី ដែលផ្តល់អនាគត់កាន់តែប្រសើរ​ដល់ Mahrez ។ ហេតុនេះហើយ Mahrez នៅតែចង់ចាកចេញពី Leicester City ដដែល ខណ: Manchester City និង Arsenal មានបំណងចង់បាន​កីឡាករអាល់សេរ៉ីរូបនេះ។

មតិយោបល់