ព័ត៌មានកីឡា

Real Madrid ផ្តល់មេរៀនមួយឲ្យ PSG

ក្រុមអធិរាជស Real Madrid បានផ្តល់ក្តីសង្ឃឹមក្នុងការឡើងទៅកាន់វគ្គបន្តទៀត ក្រោយពីបានយកឈ្នះក្រុមជើងខ្លាំង បារាំង Paris Saint Germain ៣-១ នៅជើងទី ១ យប់មិញនេះ ។

ការយកឈ្នះក្រុម Paris Saint Germain ជើងទី ១ ក្នុងលទ្ធផល ៣-១ នេះដែរ បានក្លាយជាទុនមួយ របស់ Real Madrid ដើម្បីបន្តក្តីសង្ឃឹមឡើងទៅកាន់វគ្គ ៨ក្រុមចុងក្រោយបន្តទៀត។ យ៉ាងណាវិញ បើក្រឡេកមកមើលការប្រកួតយប់មិញ​នេះវិញ ក្រុម Paris Saint Germain បានធ្វើការនាំមុខ១គ្រាប់មុន តាមរយ:ការស៊ុតរបស់កីឡាករ Adrien Rabiot នៅនាទីទី៣៣ ក៍ប៉ុន្តែត្រូវបានស៊ុតតាមស្មើមកវិញ របស់កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo ដោយបាល់ ១១ ម៉ែត្រនៅនាទីទី ៤៥ ដែលបញ្ចប់តង់ទី ១ ក្រុមទាំងពីរ មានលទ្ធផលស្មើគ្នា ១-១ ។

ឈានចូលដល់តង់ទី ២ ក្រុមទាំងពីរ បានបន្តការវាយលុកគ្នាទៅវិញទៅមកដដែល ខណ:ក្រុម Paris Saint Germain មានឱកាសល្អ ២-៣ លើកតែធ្វើមិនបានសម្រេច។ អ្វីដែលធ្វើឲ្យ Paris Saint Germain ខកបំណងខ្លាំងនោះ គឺនៅចុងម៉ោងនាទីទី ៨៣ ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo បានស៊ុតគ្រាប់ទី២ ឲ្យ​ Real Madrid ស្របពេល ៣ នាទីបន្ទាប់ពោល​នៅនាទីទី ៨៦ ខ្សែការពារសញ្ជាតិប្រសុីល Marcelo បានបន្ថែមគ្រាប់បាល់ទី៣ ដែលការស៊ុតទាំង២លើកនេះដែរ កើតចេញពីការបញ្ជូនយ៉ាងស្អាតរបស់ Marco Asensio ទាំងអស់។

ដូចនេះហើយ ក្រុម Real Madrid បានយកឈ្នះក្រុម Paris Saint Germain ក្នុងលទ្ធផល ៣-១ ខណ:ជើងទី២ នៅទឹកដី Paris Saint Germain វិញ Real Madrid មានទុន ២គ្រាប់ក្នុងដៃស្រាប់៕

https://www.youtube.com/watch?v=0K6D5_B9V9Q

មតិយោបល់