Post News Media ព័ត៌មានកីឡា គ្រូបង្វឹក Sh...

គ្រូបង្វឹក Shan United ថាប្រកួតជាមួយ បឹងកេត ស្អែកគឺលំបាកខ្លាំង

នៅថ្ងៃទី ២៧ ខែ​ កុម្ភ: ឆ្នាំ ២០១៨ ស្អែកនេះក្រុម Shan United របស់ប្រទេសមីយ៉ាន់ម៉ា នឹងត្រូវមកសួរសុខទុក្ខក្រុម បឹងកេត ដែលជាជើងឯកកម្ពុជាក្នុងពានរង្វាន់ 2018 AFC Cup លើពហុកីឡដ្ឋានជាតិ នាវេលាម៉ោង ៦:៣០ នាទីល្ងាច ខណ:ដែលគ្រូបង្វឹកក្រុមភ្ញៀវលើកឡើងថា លំបាកខ្លាំងរាល់ជំនួបក្រៅដី។

លោក Soe Myat Min ដែលជាគ្រូបង្វឹកក្រុម Shan United បាននិយាយក្នុងសន្និសីទសារព័ត៌មានមុននេះថា៖ «រាល់ការប្រកួតនៅក្រៅទឹកដីគឺសុទ្ធតែលំបាកសំរាប់ក្រុមរបស់ខ្ញុំ ហើយនេះជាការប្រកួតដ៏សំខាន់សម្រាប់ក្រុមទាំងពីរដើម្បីយក ៣ ពិន្ទុ ដូច្នេះយើងនឹងខំប្រឹងឲ្យអស់សមត្ថភាពនៅថ្ងៃស្អែក។ ជាការពិតក្រុមរបស់ខ្ញុំមានកីឡាករ ២ ទៅ ៣ រូបដែលមានរបួស តែខ្ញុំបានត្រៀមរួចរាល់ហើយសម្រាប់ការប្រកួត។ ពិតណាស់ក្រុមទាំងពីរសុទ្ធតែទទួលបរាជ័យដូចគ្នាកាលពីប្រកួតលើកដំបូង ដូច្នេះហើយ បឹងកេត នឹងប្រឹងយក ៣ ពិន្ទុ ពីក្រុមរបស់យើង ហើយនៅថ្ងៃស្អែកគឺជាការប្រកួតដ៏គួរឲ្យចាប់អារម្មណ៍បំផុត»។

សូមបញ្ជាក់ថា នៅក្នុងការប្រកួតបើកឆាក Shan United បានទទួលបរាជ័យក្នុងទឹកដីខ្លួនក្រោមថ្វីជើង Home United របស់សឹង្ហបុរី ដោយលទ្ធផល ០ ទល់ ១ នាកីឡដ្ឋាន Thuwunna Stadium ទីក្រុង Yangon ប្រទេសមីយ៉ាន់ម៉ា ខណ:ដែលកីឡាករ Song Ui-young ជាអ្នកធ្វើបានសម្រេចនៅនាទី ៧៥ កាលពីថ្ងៃ ១៣ កុម្ភ:៕

Loading...