ព័ត៌មានកីឡា

ខ្សែបម្រើស្លាបរបស់ក្លិប Atletico Madrid បានចូលរួមជាមួយក្លិបចិន Dalian Yifang

យោងតាមរបាយការណ៍ពីកាសែតអេស្ប៉ាញ AS បានឱ្យដឹងថាខ្សែបម្រើស្លាបរបស់ក្លិប Atletico Madrid សញ្ជាតិអាហ្សង់ទីន Nicolas Gaitan ត្រូវបានគេរាយការណ៍ថា កំពុងធ្វើដំណើរទៅកាន់ទឹកដីប្រទេសចិនរបស់ក្លិប Dalian Yifang ក្នុងតម្លៃ ១៨ លានអឺរ៉ូ។

កីឡាករវ័យ ៣០ ឆ្នាំរូបនេះ បានចូលរួមជាមួយក្រុម Atletico ក្នុងតម្លៃ ២៥ លានអឺរ៉ូ នៅរដូវក្តៅឆ្នាំ ២០១៦ ដោយផ្លាស់ពីក្លិប Benfica ប៉ុន្តែបានចាប់ផ្តើមតែពីរប្រកួតប៉ុណ្ណោះនៅរដូវកាលនេះ។ AS បានឱ្យដឹងថា Gaitan បានធ្វើដំណើរទៅកាន់ប្រទេសចិន កាលពីថ្ងៃច័ន្ទ ដើម្បីសរសេរលើក្រដាសចុះកិច្ចសន្យារយ:ពេល ៣ ឆ្នាំជាមួយ នឹងក្លិប Dalian Yifang។

ក្លិបបាល់ទាត់ Dalian Yifang ត្រូវបានកាន់កាប់ដោយមហាសេដ្ឋីជនជាតិចិនលោក Wang Jianlin ដែលទើបតែលក់ភាគហ៊ុនចំនួន ១៥ ភាគរយនៅ Atletico Madrid ទៅឲ្យក្រុមហ៊ុន Quantum Pacific Group ដែលគ្រប់គ្រងដោយមហាសេដ្ឋីអ៊ីស្រាអែលលោក Idan Ofer ។

ក្រុមហ៊ុន Dalian Wanda Group របស់លោក Wang Jianlin នៅតែឧបត្ថម្ភការសាងសង់កីឡដ្ឋានថ្មីរបស់ក្រុម Atletico Madrid ឈ្មោះ Wanda Metropolitano ដដែលបើទោះបីលក់ភាគហ៊ុនរួចក៏ដោយ៕

មតិយោបល់