ព័ត៌មានកីឡា

Real Madrid បោះទុន ១៦០លានអឺរ៉ូ ទិញ Salah មកជំនួសតំណែង Bale

ក្រោយពីសម្រេចចិត្តលក់ខ្សែប្រយុទ្ធ Gareth Bale នៅរដូវក្តៅខាងមុខនេះ ក្រុម​អធិរាជស Real Madrid បានសម្លឹងឃើញកីឡាករមួយរូបហើយ ដែលនឹងត្រូវ​មកជំនួសតំណែងរបស់ Bale នៅរដូវកាលក្រោយនេះ។

ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ El Confidencial បានឲ្យដឹងថា ក្រុម Real Madrid បានត្រៀមរួចហើយ នូវទឹកប្រាក់ ១៦០ លានអឺរ៉ូ ដើម្បីទិញ​យក Mohamed Salah ពីក្រុមហង្សក្រហម Liverpool ។ ការទិញយក Mohamed Salah នេះដែរ ត្រូវបានប្រភពខាងលើនេះ ទម្លាយឲ្យដឹងថា ដោយសារតែ Real Madrid បានសម្រេចចិត្តលក់ Gareth Bale ចេញហើយ នៅរដូវក្តៅខាងមុខនេះ ដោយជំនួសមកវិញ ដោយការទិញយក Salah ត្រឡប់មកវិញ។ ជាការពិតណាស់ Salah ធ្វើបានយ៉ាងល្អ នៅរដូវកាលនេះ បន្ទាប់ពីផ្លាស់ពី Roma មកកាន់ Anfield នារដូវក្តៅមុន ដោយកំពុងតែមានគ្រាប់បាល់ ២៤ គ្រាប់ស្មើគ្នា ជាមួយម្ចាស់ស្បែកជើងមាស​ Premier League ២ រដូវកាលជាប់គ្នា Harry Kane ។

ម្យ៉ាងវិញទៀត តាមរយ:ទម្រង់លេងយ៉ាងល្អ គួបផ្សំជាមួយភាពរហ័សរហួន និងល្បឿនលឿន​របស់កីឡាកររូបនេះ បានធ្វើឲ្យមានការទាក់ទាញយ៉ាងខ្លាំងពីសំណាក់ក្រុម Real Madrid ។ ជាងនេះទៅទៀត Liverpool កំពុងតែចំណេញលើគោកហើយ ប្រសិនើយល់ព្រមលក់ Salah ឲ្យ Real Madrid មែននោះ ព្រោះថា Liverpool បានទិញ Salah ពី Roma មកក្នុងតម្លៃប្រមាណជា ៣០ លានផោនជាងប៉ុណ្ណោះ ខណ: Real Madrid បានដេញថ្លៃទិញក្នុងតម្លៃ ១៦០ លានអឺរ៉ូ ស្មើនឹង ១៤២ លានផោន ពោល Liverpool ចំណេញជាង ១០០ លានផោន ត្រឹមការវិនិយោគកីឡាករបានត្រឹម ១រដូវកាលប៉ុណ្ណោះ។

យ៉ាងណាវិញ Real Madrid បានត្រៀមរួចហើយ ក្នុងការនាំយក Mohamed Salah ទៅកាន់ Santiago Bernabeu ស្របពេលដែល Gareth Bale ក៍ត្រូវចាកចេញវិញ​ផង​ដែរ។

មតិយោបល់