ព័ត៌មានកីឡា

Real Madrid ប្តូរគោលដៅពី De Gea និង Courtios មកចាប់អារម្មណ៍អ្នកចាំទីមួយរូបទៀត

បន្ទាប់ពី Devid De Gea បដិសេធមិនចាកចេញពី Man Utd រួមទាំង Thibaut Courtios មិនទាន់ច្បាស់​ក្នុង​​ការចាកចេញពី Chelsea នោះ បានធ្វើឲ្យក្រុម Real Madrid ងកមកចាប់អារម្មណ៍អ្នកចាំទីកំពុងឡើងកូដ មួយរូបផ្សេងវិញ។

បើតាមការចុះផ្សាយរបស់កាសែត​ Marca ពីប្រទេសអេស្ប៉ាញ បានឲ្យដឹងថា ក្រុមអធិរាជស Real Madrid កំពុងចាប់អារម្មណ៍លើអ្នកចាំទីប្រេស៊ីល Alisson របស់ក្រុមចចក AS Roma នាក្របខ័ណ្ឌកំ​ពូលរបស់ប្រទេសអ៊ីតាលី។ ការងាកមកចាប់អារម្មណ៍ Alisson នេះដែរ ដោយសារតែ Real Madrid បានមើលឃើញពីភាព បរាជ័យក្នុងការនាំយក អ្នកចាំទី អេស្ប៉ាញ Devid De Gea ពីក្រុមបីសាចក្រហម Manchester United និងអ្នកចាំទីប៊ែលហ្ស៊ិក Thibaut Courtios ពីក្រុមតោខៀវ Chelsea ។

Alisson គឺជាអ្នកចាំទីមួយរូប ដែលទទួលបានការចាប់​អារម្មណ៍យ៉ាងខ្លាំង ក្នុងរដូវកាលនេះ ក្រោយពីបង្ហាញវត្ត​មាន យ៉ាងល្អ ជាមួយក្រុម Roma ។ ក្នុងនោះដែរ មិនត្រឹមតែ Real Madrid ប៉ុណ្ណោះទេ ដែលចាប់អារម្មណ៍ ចង់បាន Alisson នោះ សូម្បីក្រុមហង្សក្រហម Liverpool ក៍ពេញចិត្ត នាំយក​អ្នកចាំទីប្រេស៊ីលរូបនេះ ទៅកាន់ Premier League ផងដែរ។

យ៉ាងណាវិញ បើសិនជា Real Madrid ដាក់ចិត្តចង់បានហើយនោះ Alisson ទំនងជាគេចមិនរួច​ពីក្រញ៉ាំ ក្រុមយក្សអេស្ប៉ាញនេះ បានណាស់ ព្រោះថា កីឡាករជាច្រើន មានបំណងចង់ទៅលេងឲ្យក្លិបមួយនេះ ម្យ៉ាង Alisson អាចនឹងជាប់ជម្រើស ១១ នាក់ដំបូង ស្របពេលដែល Keylor Navas និង Kiko Casilla មិនអាចប្រជែងជាមួយ Alisson បានឡើយ។

មតិយោបល់