ព័ត៌មានកីឡា

Livepool បង្ហាញទំហំទឹកប្រាក់កំណត់ត្រាទិញ អ្នកចាំទី Roma

ថ្វីបើ Liverpool កាន់តែបង្ហាញទម្រង់លេងយ៉ាងអស្ចារ្យ គួរឲ្យកត់សម្គាល់មែន តែក្រុមហង្សក្រហមរបស់អង់គ្លេសមួយនេះ នៅតែបន្តចាប់អារម្មណ៍ចង់បានអ្នកចាំ​ទីប្រេស៊ីល Alisson Becker របស់ក្រុមចចក Roma ដដែល។

ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ The Mirror បានឲ្យដឹងថា​ ក្រុមហង្សក្រហម Livepool បានត្រៀមទឹកប្រាក់កំណត់ត្រា រហូតដល់ទៅ ៩០លានផោន ដើម្បីចរចារជាមួយ Roma ក្នុងការទិញយក Alisson Becker នៅរដូវកាលក្រោយនេះ។ នេះមិនមែនជាទំហំទឹកប្រាក់តិចឡើយ សម្រាប់ Liverpool ក្នុងការចំណាយលើអ្នកចាំទី ព្រោះថាកន្លងមកនេះ ហង្សក្រហម មិន​ដែលចាយលុយ ដល់កម្រិតនេះឡើយ ក្នុងការទិញកីឡាករនោះ សូម្បីតែការចំណាយលុយកំណត់ត្រាកាលពីខែមករាកន្លងមក លើខ្សែការពារ Virgil van Dikj នោះខ្ទង់ ៧០លានផោនជាងប៉ុណ្ណោះ។ យ៉ាងណាវិញ Alisson ក៍កំពុងធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំងផងដែរ នាពេលបច្ចុប្បន្ននេះ ដោយបង្ហាញទម្រង់លេងយ៉ាងល្អឲ្យ Roma និងជួយក្រុមអ៊ីតាលីមួយនេះ ឡើង​ដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champion League ផងដែរ។

ម្យ៉ាងវិញទៀត Liverpool កាក់កបចំពោះការនាំយកកីឡាករពី Roma ជាក់ដូចជា Mohamed Salah ជាដើមជាហេតុធ្វើឲ្យ Liverpool មិនស្តាយលុយក្នុងការនាំយកឡើយ ដោយរំពឹងថា មិនខុសបំណងដូចការនាំយក Salah ឡើយ។

មតិយោបល់